ស្នងកានគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចុះជួយពន្លត់អគ្គិភ័យ ឆេះសណ្ឋាគារ មីង ឌូ នៅក្រុងប៉ោយប៉ែត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គិភ័យឆាបឆេះ​សណ្ឋាគារ​មួយ​កន្លែង យីហោ មីង ឌូ នៅវេលា​ម៉ោង​ប្រមាណ៩៖៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិត​នៅ​ភូមិក្បាលស្ពាន១ ​សង្កាត់​អូជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆេះជាន់លើបង្អស់ជាន់ទី៩។

ក្នុងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាលដាលបន្ត។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៊ីណូនៅជាយដែន និងអាជ្ញាធរថៃក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះមួយចំនួនមកជួយកន្លែងកើតហេតុផងដែរ។

ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធបានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃដដែល។ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរបួសឡើយ៕