នាយ​ឧត្តមសេនីយ៍ ឈន សារ៉ាណេ៖ «ជ័យជំនះមិនមែនបានមកពីបុគ្គលណាម្នាក់នោះទេ គឺបានកើតចេញពីកម្លាំងសាមគ្គីភាពទាំងអស់គ្នា»

ក្លិបសមាគមបាល់ទាត់ក្រសួងមហាផ្ទៃយកឈ្នះក្លិបកងយោធពលខេមរភូមិន្ទ(ខ) ដោយលទ្ធផល ៣ ទល់ ០ នៅក្នុងក្របខណ្ឌជម្រើសជើងឯកលីគ២ ក្នុងសប្តាហ៍ទី១ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោម​វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនិងលោកជំទាវ សែម សម្ផស្ស។

នាឱកាសនោះ ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ឈន សារ៉ាណេ បានគូសបញ្ជាក់ថា «ជ័យជំនះមិនមែនបានមកពីបុគ្គលណាម្នាក់នោះទេ គឺបានកើតចេញពីកម្លាំងសាមគ្គីភាពទាំងអស់គ្នា»។ ឯកឧត្តមបន្តថា លទ្ធផលថ្ងៃនេះគឺកើតចេញពីការចេះសាមគ្គីគ្នារបស់ក្រុមការងារគ្រូបង្វឹក កីឡាករ និងមន្ត្រីសមាគម។

ជាមួយនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានជម្រុញដល់កីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថាជ័យជំនះ ថ្ងៃនេះគឺកេីតឡេីង ចេញពីការខិតខំហ្វឹកហាត់របស់ក្រុមកីឡាករហើយក៏មានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារគ្រូបង្វឹកដែលធ្វើឱ្យកីឡាករបង្កើននូវសមត្ថភាព តាមរយះការគោរពវិន័យហ្វឹកហាត់ និងការគោរពវិន័យក្នុងពេលប្រកួតផងដែរ។ ឯកឧត្តមបានបន្តជម្រុញលេីកទឹកចិត្តដល់ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់ឱ្យខិតខំបន្ថែមទៀតសម្រាប់ប្រកួតខាងមុខដេីម្បីទទួលជ័យជម្នះថ្មីៗបន្តទៀត។

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន​សមាគមសូមអំពាវនាវដល់ទស្សនិកជនសូមជួយបន្តឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់ក្លិបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ តាមរយះការជួយទិញអាវក្លិបទាំងអស់គ្នា។

គួរជម្រាបជូនថា ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានថ្លែងអំណរគុណឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានផ្តល់នូវកីឡដ្ឋានរបស់បណ្ឌិត្យសភានគរបាលជាតិសម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់ជម្រើសជើងឯកលីគ២៕

អត្ថបទដែលជាប់ទាក់ទង