ស្នងការខេត្តកណ្ដាលដាក់បទបញ្ជាដល់ផែនជំនាញពាក់ព័ន្ធត្រូវសហការជាមួយស្រុក-ក្រុងបង្ក្រាបមុខសញ្ញាក្មេងទំនើង បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យអស់ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់
«ផែនជំនាញពាក់ព័ន្ធត្រូវសហការជាមួយបណ្តាស្រុក-ក្រុងធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យអស់ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល»។នេះជាការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងការដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីគោរពទង់ជាតិខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវគោរពបទបញ្ជាកងកម្លាំងនគរបាលជាតិ ចេះស្រឡាញ់គ្នា សាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមកដើម្បីរក្សាតម្លៃកិត្តិយសរបស់ខ្លួន ក៏ដូចជាកងកម្លាំងនគរបាលជាតិ។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរំលឹកដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជន សាលារៀន គ្រឹះសា្ថនអប់រំ ផ្សារ រោងចក្រ សហគ្រាស ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់បន្ថែមនិងចូលរួមគោរពច្បាប់ចរាចរណ៍។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមអភិបាលខេត្តកណ្តាល សួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ផងដែរ៕