ខ្មាន់កាំភ្លើងដែលជានិស្សិតបានសម្លាប់មនុស្ស៣នាក់ ក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់
កាលពីថ្ងៃព្រហស្បតិ៍ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សបីនាក់នៅទីក្រុង Rotterdam ប្រទេសហូឡង់ ដោយបានបាញ់ សម្លាប់ស្ត្រីដែលជាប្រជាជនក្នុងតំបន់ម្នាក់ និងកូនស្រីនៅក្នុងលំនៅដ្ឋានរបស់ពួកគេ បន្ទាប់មក ជនសង្ស័យនោះបានសម្រុកចូលទៅក្នុងថ្នាក់រៀននៃមន្ទីរពេទ្យសាកលវិទ្យាល័យ Rotterdam និងបាន បាញ់ប្រហារទៅលើលោកគ្រូបង្រៀនម្នាក់។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន Reuters។
ជនសង្ស័យអាយុ ៣២ឆ្នាំ ជានិស្សិតរៀននៅសកលវិទ្យាល័យបានបាញ់សម្លាប់ស្ត្រីអាយុ ៣៩ឆ្នាំម្នាក់ និងកូនស្រីអាយុ ១៤ឆ្នាំដែលរស់នៅក្នុងតំបន់នោះ។ នគរបាលបាននិយាយថា ក្មេងស្រីនេះបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
បន្ទាប់ពីដុតលំនៅដ្ឋានស្ត្រីនោះ ខ្មាន់កាំភ្លើងបានទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Rotterdam Medical Center ហើយជនសង្ស័យនោះបានសម្រុកចូលទៅក្នុងថ្នាក់រៀន និងបានបាញ់សម្លាប់លោកគ្រូ បង្រៀនអាយុ ៤៣ឆ្នាំម្នាក់។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅក្បែរមន្ទីរពេទ្យ ជាកន្លែងដែលជនសង្ស័យនោះបានចាប់ផ្តើមបាញ់ប្រហារផងដែរ។ ប៉ុន្តែមូលហេតុនៃការបាញ់ប្រហារនោះមិនត្រូវបានដឹងទេ៕