ប៉ូលិសថៃអះអាងថា ខ្មាន់កាំភ្លើងជនជាតិថៃអាយុ១៤ឆ្នាំ ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon មានជំងឺសតិអារម្មណ៍



យុវជនថៃអាយុ១៤ឆ្នាំម្នាក់ ដែលជាជនសង្ស័យក្នុងករណីបាញ់ប្រហារផ្អើលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានប៉ូលិសអះអាងថា មានជំងឺផ្នែកសតិអារម្មណ៍ ហើយបានកែច្នៃកាំភ្លើង ដែលការរចនាដើមរបស់វា គឺតាមពិតបាញ់ពុំចេញគ្រាប់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ភាពវឹកវរបានកើតឡើងនៅផ្សារទំនើប Siam Paragon ដែលជាផ្សារទំនើបប្រណិតបំផុតរបស់ទីក្រុងបាងកក ដោយមនុស្សរាប់រយនាក់ បាននាំគ្នារត់ភៀសខ្លួនចេញពីទីនោះ ស្របពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ក្នុងហេតុការណ៍កក្រើកថ្មីមួយទៀត នៃករណីអំពើហិង្សាដោយកាំភ្លើង ដែលបានកើតមាននៅប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយ។ស្រ្តី២នាក់ ដែលជនបរទេសមកពីចិននិងមីយ៉ាន់ម៉ា បានបាត់បង់ជីវិត ខណៈមនុស្ស៥នាក់ទៀតបានរងរបួស ក្នុងនោះ២នាក់ជាជនបរទេស និង៣នាក់ជាជនជាតិថៃ។ រីឯខ្មាន់កាំភ្លើងដែលជាក្មេងប្រុសវ័យជំទង់អាយុ១៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្សារទំនើបកើតហេតុផ្ទាល់។ ប៉ូលិស​បាននិយាយថា ក្មេងប្រុសរូបនោះ បានស្ថិតក្រោមការព្យាបាលជំងឺសតិអារម្មណ៍ ប៉ុន្តែនៅថ្ងៃកើតហេតុ រូបគេមិនបានលេបថ្នាំ តាមវេជ្ជបញ្ជាទេ។

យោងតាមលោក Torsak Sukvimol អគ្គស្នងការនគរបាលជាតិថៃ ក្រុមអ្នកស៊ើបអង្កេតកំពុងតែឆែកមើលសាវតារក្មេងប្រុសជាជនសង្ស័យ ហើយគ្រោងនឹងសាកសួរ​មិត្តភក្តិរបស់គេដែលជាអ្នកលេងហ្គេមតាមប្រព័ន្ធអនឡាញ អំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់យុវជនរូបនោះ។ លោក Torsak បានបន្ថែមថា លោកក៏បាននិយាយជាមួយ ជនសង្ស័យដោយផ្ទាល់ផងដែរ ហើយបើតាមការអះអាងរបស់លោក ក្មេងប្រុសម្នាក់នោះហាក់ដូចជា​លឺសំឡេងអ្វីមួយនិយាយទៅកាន់ខ្លួន ពោលគឺក្មេងនោះដូចជា លឺសំឡេងផ្តេសផ្តាស… សំឡេងម៉្យាងដែលប្រាប់ឱ្យគេធ្វើការបាញ់ប្រហារ។

គួរបញ្ជាក់ថា អំពើហិង្សាកាំភ្លើងខាងលើកើតឡើង នៅរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ មុនគម្រប់ខួប១ឆ្នាំនៃព្រឹត្តិការណ៍សោកនាដកម្ម ដែលបាន​ផ្តាច់ជីវិតមនុស្សសរុប៣៥នាក់ ក្នុងនោះមានក្មេងៗ២២នាក់ នៅឯមណ្ឌលមើលថែទាំកុមារ ស្ថិតក្នុងក្រុងមួយនៅភាគឦសាន​នៃប្រទេសថៃ អំលុងសកម្មភាពវាយប្រហារដោយកាំបិតនិងកាំភ្លើង ដែលបានប្រព្រឹត្តទៅ ក្នុងរយៈពេលសរុបជាច្រើនម៉ោង។ សកម្មភាពដ៏​ព្រៃផ្សៃនោះ ត្រូវបានធ្វើឡើងដោយអតីតមន្រ្តីប៉ូលិសថៃម្នាក់ ដែលក្រោយមកបានបាញ់សម្លាប់ខ្លួនឯង។ រីឯកាលពីឆ្នាំ២០២០វិញ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្សយ៉ាងហោ២៩នាក់ និងបង្កឱ្យរបួស៥៧នាក់ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅទីតាំងសរុប​ចំនួន៤កន្លែងផ្សេងពីគ្នា នៅខេត្តនគររាជសីមា៕

អត្ថបទដែលជាប់ទាក់ទង