សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការសង្រ្គាម ២សមរភូមិជាមួយចិនផង និងរុស្សីផង តាមរយៈការបង្កើនចំនួនកងទ័ព ពង្រឹងសម្ព័ន្ធភាព និងពង្រឹងកម្មវិធី ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ
គណៈកម្មការពិសេសរបស់សភាអាមេរិក បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថាសហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធភាពនៃការសង្រ្គាម ២សមរភូមិជាមួយចិនផង និងរុស្សីផង តាមរយៈការបង្កើនចំនួនកងទ័ព ពង្រឹងសម្ព័ន្ធភាព និងពង្រឹងកម្មវិធី ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។
ការចេញផ្សាយរបាយការណ៍របស់គណៈកម្មការ Strategic Posture Commission កើតមានឡើង នៅចំពោះមុខភាពតានតឹងជាមួយចិនជុំវិញតៃវ៉ាន់ និងបញ្ហាដទៃទៀត ព្រមទាំងធ្លាក់ចុះទំនាក់ទំនងកាន់តែដុនដាបជាមួយរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបានចូលរួមក្នុងការចងក្រងរបាយការណ៍នេះមិនបានបញ្ជាក់ថាតើមានកិច្ចសហប្រតិបត្តិការអាវុធនុយក្លេអ៊ែររវាងចិន និងរុស្ស៉ី ដែរ ឬក៏យ៉ាងណានោះទេ។ មន្ត្រីរូបនេះបានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «យើងមានការព្រួយបារម្ភ… ថាវាអាចនឹងមាន ការសម្របសម្រួលរវាងពួកគេ (ចិន និងរុស្សី) តាមមធ្យោបាយមួយចំនួនដែលអាចនឹងធ្វើឱ្យយើងជួបសមរភូមិ២ ក្នុងពេលតែមួយ»។
គួរបញ្ជាក់ថា របាយការណ៍ខាងលើដដែល គឺមានភាពផ្ទុយគ្នា ទៅនឹងគោលជំហររបស់លោក ចូ បៃដិន ដែលថាបច្ចុប្បន្នឃ្លាំងអាវុធនុយក្លេអ៊ែរអាមេរិក គឺមាន សមត្ថភាពគ្រប់គ្រាន់ អាចកំញើញទាំងរុស្ស៉ី និងចិន ខណៈចិនផ្ទាល់ត្រូវបានរំពឹងថាអាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដល់ទៅជាង ១,៥០០គ្រាប់ នៅឆ្នាំ២០៣៥៕