ប្រជាជនក្នុងតំបន់ហ្កាហ្សាជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈអ៉ីស្រាអែលបន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា

ប្រជាជនក្នុងតំបន់ហ្កាហ្សា ជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈ អ៉ីស្រាអែល បន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ជាការត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៉ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សច្រើនជាង១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ចំណែក អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា អស់រយៈពេល ជាងមួយសប្ដាហ៍មកហើយ ដោយសម្លាប់មនុស្សយ៉ាងហោច ២,៦៧០នាក់ ភាគច្រើនជាជនស៊ីវិល។

ប្រជាជនប៉ាឡេស្ទីន បានប្រមែប្រមូលឥវ៉ាន់គ្រប់យ៉ាងដែលពួកគេអាចយកតាមខ្លួនបាន ដោយដឹកតាមយានជំនិះមានម៉ូតូកង់បី រថយន្ដ និងសត្វលា។ ពលរដ្ឋក្នុង តំបន់ហ្កាហ្សាម្នាក់ឈ្មោះ ម៉ូណា អាប់ដែល ហាមីត (Mona Abdel Hamid) មានអាយុ ៥៥ឆ្នាំ ដែលបានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ទីក្រុងរ៉ាហ្វាស់ (Rafah) ស្ថិតនៅភាគខាងត្បូង បានប្រាប់ AFP ថា «គ្មានឡើយអគ្គិសនី ទឹក និងអ៉ីនធើណិត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងបាត់បង់ភាពជា មនុស្សរបស់ខ្ញុំ»។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានព្រមានឱ្យប្រជាជនជាង ១.១លាននាក់ក្នុងតំបន់ហ្កាហ្សា ចាកចេញពីភាគខាងជើងនៃតំបន់ហ្កាហ្សា ឆ្ពោះទៅកាន់ តំបន់ភាគត្បូង។ ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅតែបន្តធ្វើឡើងនៅតំបន់ភាគខាងត្បូង ក្នុងនោះរួមមានទាំងទីក្រុង ខាន់ យូនីស (Khan Yunis) និងទីក្រុងរ៉ាហា្វស់ (Rafah)៕

អត្ថបទដែលជាប់ទាក់ទង