លោក Biden និយាយថា ក្រុមហាម៉ាសត្រូវតែកម្ចាត់ចោល ខណះដែលមន្ត្រីរបស់សហរដ្ឋអាមេរិកព្រមាន ពីការកើនឡើងនៃសង្គ្រាម
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បាននិយាយ ថា លោកជឿថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ត្រូវតែកម្ចាត់ចោល ប៉ុន្តែគួរតែមានដំណោះស្រាយចំពោះ រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកបានព្រមានថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់អាចនឹងកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter។
លោក Biden មិនបានគិតថា កងទ័ពអាមេរិកនឹងចាំបាច់មានវត្តមាននៅទីនោះទេ ដោយសារអ៊ីស្រាអែលមាន “កងកម្លាំងប្រយុទ្ធដ៏ល្អបំផុត” ប៉ុន្តែនាវាចម្បាំងអាមេរិកបានចេញដំណើរទៅកាន់តំបន់នោះ ចំពេលមានការ ប៉ះទង្គិចកាន់តែខ្លាំងនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់។
អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកដែលគួរឲ្យភ័យខ្លាច និងឃោរឃៅនៅតំបន់ហ្កាហ្សាដោយ សងសឹកចំពោះការវាយប្រហារដែលមិនធ្លាប់មានពីសំណាក់ក្រុមហាម៉ាសកាលពី ០៨ថ្ងៃមុនដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
ក្នុងអំឡុងពេលសម្ភាសន៍ CBS 60 Minutes ដែលចាក់ផ្សាយនៅថ្ងៃអាទិត្យ លោកបៃដិនត្រូវបានសួរថា តើលោកជឿថា ក្រុមហាម៉ាសត្រូវតែកម្ចាត់ចោលទាំងស្រុង ឬយ៉ាងណានោះ លោកបានឆ្លើយថា “ខ្ញុំជឿជាក់។ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីនត្រូវតែមាន។ ហើយត្រូវតែមានដំណោះស្រាយចំពោះរដ្ឋប៉ាឡេស្ទីន”៕