ប្រទេសកូរ៉េខាងជើងបិទស្ថានទូតជាច្រើនជុំវិញពិភពលោក
ប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទស្ថានទូតជាច្រើន រួមទាំងនៅក្នុងប្រទេសអេស្ប៉ាញ ហុងកុង និងប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិក នេះបើ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគ ជាវិធានការណ៍មួយដែលអាច ឃើញ ថាជិត ២៥% នៃបេសកកម្មការទូតរបស់ក្រុងព្យុងយ៉ាងបិទជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters។
កាលពីថ្ងៃអង្គារ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ការបិទបេសកកម្មការទូតរបស់ កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសឯកោនេះកំពុងតែពិបាកក្នុងការរកថវិការ នៅក្រៅប្រទេសដោយសារតែទណ្ឌកម្មអន្តរជាតិ។
នៅថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះមាន ជំនួប “លាគា្ន” ទៅកាន់មេដឹកនាំAngola និងUgandaកាលពីសប្តាហ៍មុន ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាហ្វ្រិកទាំងពីរបានរាយការណ៍ពីការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះ។
ទាំងប្រទេស Angola និងUganda បានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិការយោធា និងផ្តល់ប្រភពថវិការបរទេសដ៏កម្រដូចជា គម្រោងសាងសង់រូបចម្លាក់ជាដើម៕