លោក បៃដិន ហៅលោក ស៊ី ថាជាជនផ្តាច់ការ បន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានរៀបចំទុកយ៉ាងយកចិត្តទុកដាក់

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថាលោកមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកដែលថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីង គឺជាជនផ្តាច់ការដ៏មានប្រសិទ្ធភាពនោះទេ ហើយការអត្ថាធិប្បាយអាចនឹងកើតមាននៅទីក្រុងប៉េកាំងបន្ទាប់ពីមេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំកំពូលដែលពិភាក្សាដោយត្រង់ៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter។

បន្ទាប់​ពី​ការ​ពិភាក្សា​រយៈពេល​បួន​ម៉ោង​ជាមួយ​លោក ស៊ី នៅ​ជាយ​ទីក្រុង San Francisco លោក បៃដិន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​តែម្នាក់ឯង​មួយ។ ហើយនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននោះ លោកត្រូវបានគេសួរថា តើលោកនៅតែប្រកាន់ទស្សនៈដែលថាលោកស៊ី គឺជាជនផ្តាច់ការ ឬយ៉ាងណា ជាអ្វីដែលលោកបាននិយាយកាលពីខែមិថុនា។

លោក បៃដិន បាននិយាយថា “លោក ស៊ី គឺជាជនផ្តាច់ការក្នុងន័យថាលោកជាបុរសម្នាក់ដែលគ្រប់គ្រងប្រទេសដែលជាប្រទេសកុម្មុយនិស្ត ដែលផ្អែកលើទម្រង់រដ្ឋាភិបាលខុសពីប្រទេសរបស់យើងទាំងស្រុង”។

ជាការឆ្លើយតប ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនប្រឆាំងយ៉ាងខ្លាំងចំពោះការលើកឡើងនេះ ប៉ុន្តែមិនបាននិយាយឈ្មោះលោក បៃដិន ឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសលោក Mao Ning បានប្រាប់អ្នកយកព័ត៌មាន ថា “សេចក្តីថ្លែងការណ៍នោះគឺ ខុសឆ្គងយ៉ាងខ្លាំង និងជាការនិយាយបង្ខូចនយោបាយដោយគ្មានការទទួលខុសត្រូវ”៕

អត្ថបទដែលជាប់ទាក់ទង