រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា នឹងមិនមានការដោះលែងចំណាប់ខ្មាំង នៅតំបន់ហ្កាហ្សានៅមុនថ្ងៃសុក្រទេ

កាលពីយប់ថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបាននិយាយថា នឹងមិនមានការដោះលែងចំណាប់ខ្មាំងនៅក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅមុនថ្ងៃសុក្រទេ។នេះបើតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters។

កាលពីថ្ងៃពុធ រដ្ឋភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នាចំពោះបទឈប់បាញ់នៅហ្កាហ្សាដែលមានរយៈពេលយ៉ាងហោចណាស់បួនថ្ងៃ ដើម្បីអនុញ្ញាតឲ្យទទួលបានជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០នាក់ ដែលឃុំឃាំងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ប៉ាឡេស្ទីនជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ ដែលជាប់ពន្ធធនាគារនៅអ៊ីស្រាអែល។

ពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ ប្រភពសន្តិសុខមួយពីអេហ្ស៊ីបបាននិយាយថា អ្នកសម្រុះ សម្រួល បានស្វែងរកពេលវេលាចាប់ផ្តើមនៅម៉ោង ១០ព្រឹកថ្ងៃព្រហស្បតិ៍។

ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan ដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់បានរាយការណ៍ថា មានការពន្យារពេល ២៤ម៉ោងក្នុងកិច្ចព្រមព្រៀងនេះ ដោយសារតែកិច្ចព្រមព្រៀងនេះមិនត្រូវបានចុះហត្ថលេខាដោយក្រុមហាម៉ាស់ និងអ្នកសម្របសម្រួលពីប្រទេសកាតា។ មន្ត្រីរូបនេះបាននិយាយថា ពួកគេមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តនៅពេលដែលចុះហត្ថលេខារួចរាល់៕

អត្ថបទដែលជាប់ទាក់ទង