លោកជំទាវ ចម និម្មល៖ «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន»
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិបន្ថែមទៀត។
ការគូសបញ្ជាក់របស់លោកជំទាវ ចម និម្មល សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរនាព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានអនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ ក្រុមការងារ និងគណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ និងសមាជិក សមាជិកា គណបក្សទាំងអស់ ប្រមាណ៧០០នាក់។
ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល លោកជំទាវ ចម និម្មល បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និងគណៈកម្មាធិការគណបក្សប្រជាជន គ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់ នាឱកាសនោះ។
នាឳកាសនេះ លោកជំទាវបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានគូសបញ្ជាក់ពីគោលជំហរ និងឆន្ទៈរបស់ថ្នាក់ដឹកនាំអាណាត្តិទី៧ ក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើការទាក់ទាញវិនិយោគទុនមកកាន់កម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំ ដែលតែងតែការពារសុខសុវត្ថិភាព និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការចូលរួមលើកស្ទួយវិស័យកសិកម្ម ឧស្សាហកម្មជាដើម ជាពិសេសការពង្រីកបន្ថែមនូវរោងចក្រ ដែលជាកន្លែងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍន៍មុខមាត់របស់ខេត្ត និងប្រទេសជាតិទាំងមូល។
ទន្ទឹមនេះ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះជួយស្រុកឃុំ គណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា និងអនុវត្តគោលនយោបាយស្របតាមគណបក្សថ្នាក់កណ្តាល។ លោកជំទាវ បានបន្តថា កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមការងារ បានឆ្លុះបញ្ចាំងពីមនោសញ្ចតនាជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕