សម្តេចតេជោ ហ៊ុន សែន៖ លោក ប៉ុល សារឿន ធ្លាប់កុហកថ្នាក់លើពាក់ព័ន្ធនឹងធ្វើបណ្ណដីធ្លីឱ្យប្រជាពលរដ្ឋ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា លោក ប៉ុល សារឿន ដែលបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កន្លងមកធ្លាប់បានធ្វើបណ្ណដីធ្លីជូនប្រជាពលរដ្ឋ ដោយកុហកថ្នាក់លើថាធ្វើក្រុមសាមគ្គីក្នុងអំឡុងទស្សវត្សឆ្នាំ៨០ ក្នុងពេលដែលកម្ពុជាជាប្រទេសសង្គមនិយម។
សម្តេចតេជោបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា៖ «ប៉ុល សារឿន នេះលួចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីផ្តល់ឱ្យប្រជាជន រួចហើយភូតថ្នាក់លើ យកតែស្រូវពីខេត្តតាកែវ។ ប៉ុល សារឿន ថា ខ្ញុំអត់ចង់បានមេដាយទេ អ្វីដែលសំខាន់ប្រជាជនខ្ញុំមានបាយស៊ី គាត់កុហកថ្នាក់លើ តែប្រជាជនគាត់ធូរធារ»៕