សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច” និង “ស្ត្រី និងបុរសជាដៃគូដែលមិនអាចខ្វះបាន”
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច” និង “ស្ត្រី និងបុរសជាដៃគូដែលមិនអាចខ្វះបាន”។
ការគូសបញ្ជាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្នុងការប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី លោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការ និយោជិតតំណាងនារីតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ៥០០រូប។
ការប្រារព្ធពិធីជួបជុំនេះ គឺជាឱកាសដ៏ល្អប្រចាំឆ្នាំ ដែលអាចឱ្យមន្រ្តីរាជការ និយោជិតនារី មកពីគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួង បានជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់នាឆ្នាំនេះ ដោយបានជួបផ្ទាល់ជាមួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងបានទទួលស្តាប់នូវប្រសាសន៍សំណេះសំណាល និងអនុសាសន៍ណែនាំដ៏មានសារសំខាន់។ សកម្មភាពការងារលើកកម្ពស់តួនាទីស្រ្តី និងការយកចិត្តទុកដាក់ជួយស្រ្តីក្នុងក្រសួង និងអង្គភាព អាចប្រព្រឹត្តទៅបាន គឺពិតជាអាស្រ័យដោយ ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពទាំងអស់បានយកចិត្តទុកដាក់ផ្តល់កិត្តិយស មិនរើសអើង មិនមើលស្រាលចំពោះស្រ្តីជាមន្រ្តីរាជការ និយោជិតនារី៕