អ្នកនាំពាក្យនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញការចុះផ្សាយករណីហិង្សាកើតឡើងរវាងអ្នកសារព័ត៌មានជាមួយប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា ថ្មីៗនេះមានអង្គភាពសារព័ត៌មាន Raksmey News ចុះផ្សាយថា អ្នកសារព័ត៌មាន០៣នាក់ រងរបួសធ្ងន់ ដោយថៅកែទូរបាញ់ត្រីដុះស្លែ ឈ្មោះ សុខ អាង និងបក្សពួកជាច្រើននាក់បានវាយឱ្យរងរបួសធ្ងន់នៅពេលចុះយកព័ត៌មាន ស្ថិតនៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបន្តថា ក្រោយពីទទួលព័ត៌មាន និងបានទទួលបណ្ដឹងរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ករណីហិង្សាកាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទីយប់ និងសាកសួរប្រជាពលរដ្ឋជុំវិញនោះរួមជាមួយឈ្មោះ គ្រូច ឈឿន ភេទស្រី អាយុ៥៦ឆ្នាំ (មានជំងឺអេដស៍) ពិតជាមានករណីហិង្សាកើតឡើងរវាងអ្នកសារព័ត៌មាន០៥នាក់ ទៅ០៦នាក់ ជាមួយ ប្រជាពលរដ្ឋប្រហែល ៣០នាក់។
អ្នកនាំពាក្យខាងលើបន្ថែមថា ករណីនេះភាគីទាំងពីរបានដាក់បណ្ដឹងរៀងៗខ្លួន នឹងកោះហៅភាគីទាំងពីរមកប្រទល់មុខគ្នា ហើយ ជំនាញបានកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកភាពយុត្តិធម៌ និងចាត់ការតាមនីតិវិធី។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួល ជ្រាបជាព័ត៌មាន៕