បញ្ជូនជនជាតិម៉ាឡេស៉ី និងឥណ្ឌូនស៉ី១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន ក្នុងការបង្ក្រាបក្លឹបកម្សាន្តហ្កាឡាក់ស៊ី១៤២ នៅក្រុងសំពៅពូន ខេត្តកណ្តាល ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រៀមបណ្តេញចេញពីកម្ពុជា​

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនជាតិម៉ាឡេស៉ីចំនួន៣នាក់ និងជនជាតិឥណ្ឌូនេស៉ីចំនួន១៤នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីរៀបចំឯកសារត្រៀមបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៉ី និងឥណ្ឌូនេស៉ី សរុបទាំង១៧នាក់ ដែលឃាត់ខ្លួនបានកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរៀបចំឯកសារបណ្តេញពីកម្ពុជា។

គួរជម្រាបថា ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើសជួញដូរ សម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការ។

ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនរួមមាន៖​ ជនជាតិខ្មែរ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម៕

អត្ថបទដែលជាប់ទាក់ទង