សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភា ប្រចាំតំបន់ Seine-et-Marne ប្រទេសបារាំង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ ។

ឯកឧត្តម ប្រធានគណៈប្រតិភូ សម្ដែងក្ដីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ឯកឧត្តម បន្តថា ជាការពិតទៅ ឯកឧត្តម បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន ៦ដង រួមជាមួយលក្ខណៈឯកជនផង គឺសរុបមានចំនួន១០លើកមកហើយ តែមិនដែលបានជួបសម្ដេចតេជោ ម្ដងណាឡើយ ។ ឯកឧត្តម បង្ហាញក្ដីរីករាយ ដែលមានឱកាស បានជួបសម្ដេចតេជោ ក្នុងពេលដែលសម្ដេច ធ្វើជាប្រធានព្រឹទ្ធសភា ។

ឯកឧត្តមបានលើកឡើងថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រ ដោយយើងមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នា មានការជួបសន្ទនាពិគ្រោះយោបល់ជាច្រើន ហើយឯកឧត្តម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងប៉ារីសកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានអត្ថប្រយោជន៍សម្បើមណាស់ ។

ឯកឧត្តមបានជំរាបជូនសម្ដេចតេជោថា តាំងពីឯកឧត្តមបានជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ដោយ ឯកឧត្តម បានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន ១០លើក ហើយឯកឧត្តម បានស្គាល់តំបន់ដែលមានបងប្អូន សហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះ ឯកឧត្តមបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់ វប្បធម៌ខ្មែរ ដែលធ្វើឱ្យទំនាក់ទំនងរបស់ឯកឧត្តមនិងកម្ពុជាគឺមានភាពរីកដុះដាល។

ឯកឧត្តមបានលើកឡើងពីក្ដីរីករាយ ចំពោះដំណើរទស្សនកិច្ច ក្នុងរយៈពេលកន្លងមក ដោយឯកឧត្តម បានឃើញពាណិជ្ជករ អ្នកវិនិយោគ សហគមន៍សេដ្ឋកិច្ចរបស់បារាំង មានដូចជា៖ ធនាគារប្រេដ ក្រុមហ៊ុនទេសចរណ៍ មានក្រុមហ៊ុនខ្លះទទួលបន្ទុកសុខាភិបាល សណ្ឋាគារ ជាពិសេសនោះ គឺការមកចូលរួមចំណែក ធ្វើស្ថានីយ៍លើទឹកស្អាតបាក់ខែង ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្ដមមានការច្រណែនកម្ពុជា ដែលមានទន្លេមេគង្គ សំបូរទឹកប្រើប្រាស់ ព្រោះថា នៅមូលដ្ឋានរបស់ឯកឧត្ដម គឺត្រូវបូមទឹកពីក្នុងដីមកប្រើ ។

ឯកឧត្តមក៏បានអបអរសាទរ និងអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមឲ្យក្រុមហ៊ុនបារាំងជាច្រើន ចូលមកដាក់ទុនវិនិយោគនៅកម្ពុជា ។ ឯកឧត្តមបានសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការប្រែប្រួលខ្លាំង ប៉ុន្តែ ឯកឧត្តម បានគោរពស្នើសុំ រក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអាគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយនឹងការកសាងនូវអគារថ្មីៗទំនើបៗ ។

ឯកឧត្តមបានសម្ដែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ជាមួយកម្ពុជា គឺមានការរីកលូតលាស់ខ្លាំង ដោយព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានយាងចូលរួមក្នុងកិច្ចប្រជុំរបស់យូណេស្កូ កន្លងមក នៅទីក្រុងប៉ារីស ហើយឃើញថា បារាំង មកជួយថែទាំ ជួសជុលលើប្រាសាទបុរាណ ក៏ដូចជា ការយកចិត្តទុកដាក់ ប្រមែប្រមូលធនធានយកមកវិញនៅរូបសំណាក់ផ្សេងៗដែលត្រូវឈ្មួញលួចលក់ទៅក្រៅប្រទេស ក៏ដូចជាការរៀបចំតាំងពិព័រណ៍ នៅបរទេសផងដែរ ដើម្បីផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។

សម្ដេចតេជោសម្ដែងក្ដីរីករាយដែលឮថា ឯកឧត្តម បានមកទស្សនកិច្ចនៅកម្ពុជាចំនួន១០ដង។ សម្ដេចបានសម្ដែងការពេញចិត្ត ដែលបានផ្សារភ្ជាប់ទំនាក់ទំនង រវាងបារាំង និងកម្ពុជា ហើយជាពិសេស ការចូលរួមរបស់បារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា តាមរយៈការជួយជ្រោមជ្រែងឱ្យមានជំនួបរវាងសម្ដេច និងអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវិនិយោគ លើស្ថានីយ៍ទឹកស្អាតបាក់ខែង ។ សម្ដេចថា កាលពីឆ្នាំទៅ កម្ពុជា មានការលំបាកដោយសារការខ្វះខាតទឹកប្រើប្រាស់ ជាពិសេសនៅតំបន់តាខ្មៅ នៃខេត្តកណ្ដាល ហើយក្រុមហ៊ុន វ៉ាងស៊ី និងអ្នកបច្ចេកទេសបារាំង បានរៀបចំបណ្ដាញនៅបាតទន្លេ ធ្វើការបញ្ជូនទឹកនេះ មិនត្រឹមតែប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញទេ គឺបានបញ្ជូនទៅកាន់ជាយក្រុងថែមទៀត ឱ្យមានទឹកប្រើប្រាស់។

សម្ដេចក៏បានសម្ដែងក្ដីរីករាយផងដែរ ចំពោះកិច្ចការដែលកម្ពុជា បានធ្វើជាមួយបារាំង ហើយជាពិសេស សម្ដេចបានមានទំនាក់ទំនងជាហូរហែ ជាមួយថ្នាក់ដឹកនាំបារាំងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងនេះ សម្ដេចបង្ហាញការរីករាយដែលទំនាក់ទំនងនេះ មានការរីកលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ដោយមានក្រុមហ៊ុនបារាំងជាច្រើន បានចូលរួមជាបន្តបន្ទាប់ ហើយសម្ដេច បានសំណូមពរឱ្យឯកឧត្តមប្រធានគណៈប្រតិភូ ជំរុញឲ្យអ្នកវិនិយោគបារាំង មកវិនិយោគថែមទៀត លើវិស័យផ្សេងៗនៅកម្ពុជា។

សម្ដេចតេជោបានឆ្លើយតបនឹងតុល្យភាព នៃបេតិកភ័ណ្ឌថា៖ ទី១-ក្នុងវិស័យវប្បធម៌៖ កម្ពុជា មានការប្រើប្រាស់ភាសាបារាំង ដែលសម្ដេចបានដាសតឿន ឱ្យបារាំងយកចិត្តទុកដាក់បង្កើតឡើងវិញ នូវមជ្ឈមណ្ឌលភាសាបារាំង ដែលពីមុនអ្នកនយោបាយគណបក្សបារាំងខ្លះ បានបដិសេធ ដោយសារតែពេលនោះ គេមិនទទួលស្គាល់រដ្ឋាភិបាលនៅភ្នំពេញ ។ សម្ដេចតេជោ បានលើកឡើងថា នៅតំបន់អាស៊ីអាគ្នេយ៍នេះ ប្រទេសហ្វ្រង់កូហ្វូនី មាន កម្ពុជា វៀតណាម ឡាវ ថៃ តែកម្ពុជា នៅមានអ្នកប្រើប្រាស់ភាសាបារាំងច្រើនជាងគេ ហើយសម្ដេចតេជោ បានបង្ហាញមោទនភាព ដែលនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី គឺមានអ្នកនិយាយភាសាបារាំងរហូតដល់ទៅ ៣៧% ។

សម្ដេចតេជោ បានមានប្រសាសន៍ទាក់ទងនឹងការជួយរបស់បារាំង នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំង បានជួយច្រើន ជាពិសេស ការធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ដែលបានជួយជ្រោមជ្រែងរហូតដល់បានចុះបញ្ជីក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ ។

ដោយឡែកទាក់ទងនឹងសំណង់ សម្ដេចតេជោ បានបញ្ជាក់ថា យើងត្រូវស្វែងរកតុល្យភាពក្នុងការរក្សាអគារចាស់ៗ និងកសាងសំណង់ថ្មីៗ ដោយរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌផ្អែកទៅលើគុណភាព របស់សំណង់ដែរ ព្រោះអាគារចាស់ៗខ្លះមានសភាពទ្រុឌទ្រោម ដែលយើងមិនអាចទុក ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ។ សម្ដេចបានបង្ហាញថា អាគារចាស់ដូចជា៖ វិមានព្រឹទ្ធសភានេះជាដើម ដែលជាកេរដំណែលរបស់ ព្រះករុណា នរោត្តមសីហនុ កាលពីព្រះអង្គនៅជាព្រះប្រមុខរដ្ឋ នៅពេលនោះ គឺកសាងជាវិមានរដ្ឋ រួមទាំងសំណង់អគារចាស់ៗ មួយចំនួន ដែលសំណង់នៅរឹងមាំ គឺយើងនៅរក្សាទុក្ខ និងបានសាងសង់សំណង់អាគារថ្មីៗបន្ថែម រួមទាំងខិតខំរក្សា នូវអគារចាស់ៗទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ។

សម្ដេចតេជោ ក៏បានរៀបរាប់ពីដំណើរការប្ដូរវេន ពីជំនាន់ចាស់ទៅជំនាន់ថ្មី ហេតុអ្វីបានជាសម្ដេច ធ្វើការលះបង់ធ្វើការផ្លាស់ប្ដូរ នៅក្នុងពេលដែលការគាំទ្រ តាមរយៈការបោះឆ្នោតគាំទ្រនៅតែមានកើនឡើងខ្ពស់ថា អ្វីដែលសម្ដេចលះបង់ គឺជាការរក្សាស្ថេរភាពយូរអង្វែង ហើយសម្ដេច បានសំដែងក្ដីរីករាយដោយសារការផ្លាស់ប្ដូរនេះ បានប្រកបទៅដោយភាពរលូន ។

សម្ដេចតេជោបានបន្តថា លទ្ធផលបានស្ដែងហើយ ដោយក្នុងរយៈពេល ៨ខែមកនេះ អ្វីៗបានដំណើរការយ៉ាងរលូន ដោយសេដ្ឋកិច្ចនៅតែកើន ដែលឆ្នាំទៅ យើងមានកំណើនសេដ្ឋកិច្ចប្រហែលជា ៥,៦% ហើយឆ្នាំនេះ យើងរំពឹងថា នឹងកើនឡើងដល់ ៦,៦% ហើយអតិផរណា និងអត្រាប្ដូរប្រាក់មានស្ថេរភាពល្អ ហើយការនាំចេញ ក៏មានការកើនឡើង ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្ដែងការអរគុណ ចំពោះសម្ដេចតេជោ ដែលបានរៀបរាប់យ៉ាងក្បោះក្បាយ លើប្រធានបទជាច្រើន ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេស តាំងពីមានជម្លោះមកមានការអភិវឌ្ឍ ។ ឯកឧត្តម ក៏បានបង្ហាញមោទនភាពផងដែរ ដោយសារតែបារាំង បានរួមចំណែកដ៏សុខសន្តិភាព វិបុលភាពរបស់ប្រទេសកម្ពុជា ។ ឯកឧត្តមយល់ថា សន្តិភាព គឺជាគោលដៅមួយដ៏សំខាន់ណាស់ និងជាលក្ខខណ្ឌសម្រាប់គ្រប់ប្រទេស ដើម្បីមានការអភិវឌ្ឍ មានវិបុលភាព ហើយសម្រាប់ប្រជាជន គឺត្រូវការសុខសន្តិភាព ។

ឯកឧត្តមក៏បានសង្កេតឃើញថាកម្ពុជាជាប្រទេសស្វ័យភាព ក្នុងការសម្រេចចិត្តដោយឯករាជភាពទាក់ទងជាមួយនឹងចំហររបស់កម្ពុជាលើបញ្ហាអូយក្រែនដែលឯកឧត្តមសង្កេតឃើញថាកម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ស្ដាប់បង្គាប់អ្នកណាទេហើយជាប្រទេសតែមួយនៅក្នុងតំបន់ដែលមានឥរិយាបថដែលស្របនឹងគោលចំហជាមួយបារាំងផងដែរ។

ទាក់ទងទៅនឹងវិស័យបេតិកភណ្ឌសំបូរបែបរបស់កម្ពុជា ឯកឧត្តម បានជូនជាយោបល់ថា គួរជំរុញលើកទឹកចិត្តឲ្យមានទេសចរណ៍ ហូរចូលមក ប៉ុន្តែគួរតែរៀបចំយ៉ាងណា ឲ្យទេសចរណ៍ស្នាក់នៅបានយូរ ដោយអាចរៀបចំជាសារមន្ទីរ ដោយឯកឧត្តមថា បានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយលោកមានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ៍ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង។

ឯកឧត្តម បានឱ្យដឹងដែរថា ទាក់ទងនឹងបេក្ខភាពរបស់កម្ពុជា ស្នើរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ ២០២៦នោះ ឯកឧត្តម បានជូនដំណឹងថា នៅពេលនេះ ពុំមានបេក្ខភាពណាផ្សេងទៀតក្រៅពីកម្ពុជានោះទេ ហើយនៅចុងឆ្នាំនេះ នឹងមានកិច្ចប្រជុំនៅប្រទេសបារាំង ដោយគេនឹងសម្រេចពីបេក្ខភាពរបស់កម្ពុជា ដែលស្នើសុំ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ។ ឯកឧត្តមផ្ទាល់ និងរដ្ឋាភិបាលបារាំង បានគាំទ្របេក្ខភាពកម្ពុជា សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ៕

អត្ថបទដែលជាប់ទាក់ទង