ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀនជាង ២គីឡូក្រាមនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាំ សុជាតិ នាយករងមន្ទីរ សហការជាមួយស្នងការរាជធានីភ្នំពេញ មានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យ០២នាក់៖ ១៖ ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។ ២៖ ឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងគ្រឿងញៀនចាប់យក៖ ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម, ប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម, គ្រឿងញៀនសរុបទម្ងន់ ២គីឡូ និង៥១.៣០ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមបន្តនីតិវិធី៕