ឃាត់ខ្លួនសន្តិសុខម្នាក់ ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងគ្រឿងចក្រ២៧គ្រឿងនៅក្នុងការដ្ឋានបុរីសម្បត្តិមានហេង
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រចំនួន០៧គ្រឿងនៅចំណុចការដ្ឋានបុរីសម្បត្តិមានហេង នៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមប្រភពព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។
ប្រភពបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ធី សុផាត ភេទប្រុស អាយុ២៣ឆ្នាំនៅ ភូមិព្រែកតាពៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រចំនួន០៧គ្រឿង មានប្រវែង២១ម៉ែត្រ ស្មើនឹង០២គីឡូក្រាមដោយវះចេញជាស្ពាន់យកទៅលក់ឲ្យអេតចាយ។
បើតាមប្រភពព័ត៌មានពីលោក យ៉ែម ធារ៉ា អ្នកគ្រប់គ្រងនៅការដ្ឋានបុរីសម្បត្តិមានហេងបានឲ្យដឹងបន្តថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨៖ ១០នាទី មុនដំបូងលោកបានកំពុងដើរល្បាតមើលគ្រឿងចក្រគ្រប់ប្រភេទនៅក្នុងការដ្ឋានបុរីសម្បត្តិមានហេង នៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី នៅពេលដែលកំពុងដើរល្បាតមើលគ្រឿងចក្រក្នុងបុរីសម្បត្តិមានហេង ក៏ឃើញមានជនសង្ស័យម្នាក់ឈ្មោះ ធី សុផាត ភេទប្រុសបានធ្វើសកម្មភាពយកកន្ត្រៃកាត់ខ្សែភ្លើងទៅកាត់ខ្សែភ្លើងពីគ្រឿងចក្រចំនួន០៧គ្រឿង ដែលមានប្រវែង២១ម៉ែត្រ ស្មើនឹង២គីឡូក្រាមដោយវះចេញជាស្ពាន់។ ភ្លាមៗនោះលោកក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួចក៏បានបញ្ជូនជនសង្ស័យខាងលើមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់និងដាក់ពាក្យបណ្ដឹងតែម្ដង។
តាមប្រភពពីអ្នកគ្រប់គ្រងរូបបានអះអាងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រសរុបចំនួន២៧គ្រឿង។ លោកបន្តថា សន្តិសុខជាជនសង្ស័យរូបនេះ ទើបតែបានមកធ្វើការងារជាសន្តិសុខនៅក្នុងការដ្ឋានបុរីសម្បត្តិមានហេងទើបតែបានជិត១ឆ្នាំប៉ុណ្ណោះ។ ប្រភពបន្តថា ជនសង្ស័យជាអ្នកប្រើប្រាស់ថ្នាំញៀន។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីដោយគ្មានការលើកលែងឡើយ៕