ពលរដ្ឋជាច្រើនគ្រួសារនៅតែបង្ហាញពីការតស៊ូព្យាយាមទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោងនិងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះក៏កំពុងមានការប្ដឹងផ្ដល់គ្នាទៅតុលាការផងដែរ

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន៦៣គ្រួសារ មានសមាជិកចំនួនប្រមាណជាក្បែរ៣០០នាក់កំពុងកាន់កាប់ និងប្រើប្រាស់ដីធ្លី នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្តឹងចោទប្រកាន់លើឈ្មោះ សាយ គឹមឡម ភេទប្រុស អាយុ៥៣ឆ្នាំ, ឈ្មោះ ស៊ឹង ផល្លា ភេទស្រី អាយុ ៤៣ឆ្នាំ និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស អាយុ ៧៨ឆ្នាំ ពីបទ៖ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដោយសំអាងហេតុថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះ សាយ គឹមឡម និងឈ្មោះ សូត្រ អ៊ុល បានធ្លាប់យកគ្រឿងចក្រចំនួន០៧គ្រឿងទៅឈូសឆាយយកដីរបស់ពួកគាត់ខាងលើដោយប្រើប្រាស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថមករារាំង និងគំរាមកំហែងថាចាប់ពួកគាត់ដាក់គុកព្រៃស បន្ថែមទៀត ។ លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឈ្មោះ សាយ គឹមឡម,ឈ្មោះ ស៊ឹង ផល្លា និងឈ្មោះ សូត្រ អ៊ុល បានធ្វើឯកសារកាន់កាប់ចំនួន០២សន្លឹកទាក់ទងនិងដីទំហំចំនួន៥ហិកតា និង៧ហិកតា ស្ថិតនៅចំណុចកន្សុំអក ភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងពាក្យស្នើសុំចាត់បញ្ជូនក្រុមការងារចុះពិនិត្យទីតាំង ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១របស់ឈ្មោះ សាយ គឹមឡម, ឈ្មោះ ស៊ឹង ផល្លា ដើម្បីធ្វើឯកសារកាន់កាប់ដីវិវាទខាងលើ ហើយនៅលើឯកសារនោះ មានចុះហត្ថលេខាដោយមេភូមិតាម៉ើ ឈ្មោះ មិន ឆៃ ប៉ុន្តែ លោក មិន ឆៃ ជាមេភូមិតាម៉បានបញ្ជាក់យ៉ាងច្បាស់ ថា គាត់មិនដែលបានចុះហត្ថលេខានោះទេ គឺពិតជាឈ្មោះ សាយ គឹមឡុម និងឈ្មោះ ស៊ឹង ផល្លា ជាអ្នកធ្វើបន្លំ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

បើតាមលោក ប៊ុន សេងហាប់ ហៅធឿន បានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងកាលពីថ្ងៃទី១៩ ខែឧសភាថា កាលពីដើមឡើយលោក សាយ គឹមឡម មិនទាន់មកធ្វើជាអភិបាលស្រុកស្ទោងនៅឡើយទេ គឺគាត់នៅមន្ទីរសង្គមកិច្ចដោយលោកមិនបានដឹងថា គាត់ជាមេ ជាមន្ត្រី ឬជាអ្វីនោះទេ លោកដឹងត្រឹមតែថា គាត់នៅមន្ទីរសង្គមកិច្ចរបស់ស្រុកយើង។ លោកបន្តថា បើតាមដំណើររឿងហ្នឹងវាកើតឡើងយូរណាស់ហើយ ប៉ុន្តែបើតាមលោកដឹងច្បាស់គឺនៅឆ្នាំ២០១៤ ហើយលោកមិនបានដឹងថា តើអ្នកណាជាអ្នកឲ្យដីនោះទៅគាត់នោះទេ ស្រាប់តែគាត់មកឈូសឆាយ ហើយតាំងពីដំណើរការឈូសឆាយនោះ ពលរដ្ឋ ពួកគាត់អត់ព្រមទេ ពួកគាត់មិនឲ្យឈូសឆាយទេ ព្រោះដីហ្នឹង ប្រជាពលរដ្ឋពីដើមមកធ្លាប់បានធ្វើស្រែនៅលើដីហ្នឹង ព្រោះជាដីដែលពលរដ្ឋបានកាប់ព្រៃរិករឹល និងបានកាប់ចំការនៅក្រោយៗហ្នឹង ដោយពីដើមមកពួកគាត់ធ្លាប់ធ្វើជាមួយនឹងចប និងគោ។ ស្រាប់តែនៅអំឡុងឆ្នាំ២០១៣ ឆ្នាំ២០១៤ គេចេញសេក្ដីប្រកាសថា លែងឲ្យប្រជាពលរដ្ឋធ្វើស្រែអាស្រ័យផលនិងឈប់ទៅកាប់ព្រៃនោះទៀត ដោយសំអាងថាព្រៃរិករឹល និងព្រៃជម្រកសត្វ។ តាំងពីនោះមក ប្រជាពលរដ្ឋក៏លែងហ៊ានទៅធ្វើស្រែអាស្រ័យផលទៀតដែរ។ ស្រាប់មានឈ្មោះ សាយ គឹមឡម អះអាងថាជាម្ចាស់ដី ហើយបច្ចុប្បន្នមានតួនាទីជាអភិបាលស្រុកស្ទោង និងបានធ្វើការឈូសឆាយ ប៉ុន្តែប្រជាពលរដ្ឋប្រមាណជា៥០គ្រួសារជាងក៏បាននាំគ្នាមកទប់ស្កាត់និងបានហាមឃាត់មិនឈូសឆាយទេ។ នេះបើតាមការអះអាងរបស់លោក ប៊ុន សេងហាប់។

បើតាមលោក មិន ឆៃ អតីតមេភូមិតាម៉ើ មានអាយុ៧៤ឆ្នាំបានប្រាប់ឲ្យដឹងដែរថា លោកបានមករស់នៅក្នុងភូមិតាម៉ើនៅឆ្នាំ២០០២ បន្ទាប់ពីគាត់មានគ្រួសារ ហើយត្រូវបានគេលើកឲ្យធ្វើជាមេភូមិតាម៉ើតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២៣។ លោកបានបន្តថា បន្ទាប់ពីលោកបានមករស់នៅក្នុងភូមិតាម៉ើប៉ុន្មានឆ្នាំ លោកបានឃើញប្រជាពលរដ្ឋបាននាំកាប់ចម្កា ដាំស្រូវ អាស្រ័យផលលើដីនោះ ហើយតាំងពីកន្លែងកប់ខ្មោចក៏មានដែរ។ លោកបន្តថា ស្រាប់តែមានឈ្មោះ សាយ គឹមឡម មានដី៤ហិកតា ហើយដាំដើមអាកាស្ចា ហើយប្រជាពលរដ្ឋក៏ទៅស៊ីឈ្នួលដាំដើមអាកាស្ចាឲ្យគាត់និងកន្លងមកក៏ស្ងាត់ស្ងៀមទៅ ហើយប្រជាពលរដ្ឋក៏អត់ថាអីទេ រហូតដល់ឆ្នាំ២០១៤ គាត់មកវាទីយកដីប្រជាពលរដ្ឋប៉ុន្មានហិកតាទៀត ហើយគេយកគ្រឿងចក្រមកឈូសឆាយ ក៏ប្រជាពលរដ្ឋចាប់ផ្ដើមប្រតិកម្មដេញឡាន ដេញអាត្រាក់ទ័ររត់ទៅ។ ក្រោយមកទៀតពលរដ្ឋនាំគ្នាប្ដឹងទៅលោកមេឃុំ រឿងលោក សាយ គឹមឡម វាទីយកដីរបស់គាត់ ស្រាប់តែមេឃុំអត់ដោះស្រាយអោយ។ លោកបន្តទៀតថា ស្រាប់តែលោកមេឃុំបែរជាប្ដឹងគាត់ ហើយលោក សាយ គឹមឡម ក៏ប្ដឹងគាត់ ថាគាត់បានចុះហត្ថលេខាលើឯកសារសុំកាន់កាប់ដី ប៉ុន្តែលោកបានអះអាងថា លោកមិនបានចុះហត្ថលេខានោះទេ។ អតីតមេភូមិតាម៉ើរូបនេះបានអះអាង ប្រជាជនប្ដឹងជំទាស់រឿងដីធ្លីនេះ តាំងឆ្នាំ២០១៤ រឿងអីលោកទៅចុះហត្ថលេខា បើលោកគាំទ្រប្រជាពលរដ្ឋ។ លោកបន្តថា លោកក៏ធ្លាប់ត្រូវបានលោក សាយ គឹមឡម គំរាមគំហែងថា ចាប់រូបលោកយកទៅដាក់គុក ប៉ុន្តែលោកចេះដោះខ្លួនរួច។ លោកបន្តអះអាងថា បើលោកជាប់គុក ប្រជាពលរដ្ឋទាំងនេះ មិនបានដីនោះទេ មកពីលោករឹង។ លោកបន្តថា ស្រាប់តែនៅឆ្នាំ២០២៣គេថា គេមានក្រដាសមួយ ផល ភួន មេភូមិចាស់មុនលោកបានស៊ីញ៉េលក់ដីអោយ ប៉ុន្តែតាំងឆ្នាំ២០១៤មក មិនដែលមានទេ អាក្រដាសទិញនោះ។ លោកបន្តថា ស្រាប់នៅឆ្នាំ២០២៤ គេថាមានច្បាប់មួយទៀតច្បាប់ឈូសឆាយចេញពីមេព្រៃ ដែលវាអត់សមហេតុផលទាល់តែសោះ។ អតីតមេភូមិតាម៉ើរូបនេះបានសំកនូមពរទាំងទឹកភ្នែកនិងអួលដើមកសុំឲ្យសម្ដេចនិងអស់លោកទាំងអស់សុំឲ្យប្រជាជនបានដីយកមកវិញ។

បើតាមលោកស្រី សាយ ណាត អាយុ៦៤ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ជាប្រជាជននៅភូមិតាម៉ើនេះ តាំងពីកើតពីពោះម៉ែមកម៉្លេះ។ លោកស្រីបន្តថា លោកស្រីបានស្គាល់កេរ្តិ៍ដូនតារបស់លោកស្រីទាំងអស់ ដោយលោកស្រីបានបន្តថា តាំងពីឆ្នាំ២០០០ ប្រជាពលរដ្ឋមកកាប់ចម្កាវិលជុំគឺមិនមានអ្នកណាមកទាស់ទែងអ្វីទាំងអស់នៅព្រៃកន្សុំអកនេះ។ លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៤ មានតាំងពីប៉េអឹម ទាំងសន្តិសុខ ទាំងមេឃុំ ពិសេសប៉េអឹមបានមកចាប់ឃាត់ខ្លួនគាត់មុនដំបូងគេបង្អស់ យកទៅដាក់កន្លែងសាលាប៉ុស្តិ៍ប៉េអឹមធ្វើឲ្យប្រជាពលរដ្ឋរអាល់អស់រលីង។ លោកស្រីបន្ថែមថា ការចាប់ឃាត់ខ្លួនគាត់គឺរឿងដីនេះឯង ថាគាត់ចេះដឹង ហើយបន្ទាប់មកចាប់៥នាក់ទៀត។ ហើយដោយសារតែមានប្រជាពលរដ្ឋបរអាកាឡេថងទៅព្រោងព្រាតក៏គេដោះលែងគាត់ឲ្យមកវិញត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដោយប្រជាពលរដ្ឋថា មិនមែនយាយ សាយ ណាត ជាអ្នកយកដីនោះទេ។ លោកស្រីបានបន្តទៀតថា លោកស្រីត្រូវបានប្រជាពលរដ្ឋគាំទ្រឲ្យធ្វើជាអ្នកតំណាង ហើយគាត់ក៏បាននាំគ្នាទៅសាលាឃុំនំនួន៥កាឡេថង ប៉ុន្តែត្រូវបានមេឃុំដេញឲ្យមកផ្ទះវិញ និងបាននិយាយថា បើពួកគាត់ចង់ដឹងឲ្យទៅស្រុកទៅ ហើយពួកគាត់ក៏ទៅស្រុកទៀត។ លោកស្រីវ័យ៦៤ឆ្នាំរូបនេះ ក៏បានសំនូមពរដល់សម្ដេចពុក សម្ដេចម៉ែឲ្យជួយប្រជាពលរដ្ឋគាត់ឲ្យបានដីវិញដោយប្រជាពលរដ្ឋគាត់កំពុងពេញក្រកំពុងឈ្លក់ទឹក។

បើតាមប្រភពបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ ស្ថិតនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានបន្លំហត្ថលេខារំលោភយកដីចំការ ដែលដីនោះដែរគឺជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានឲ្យត្រាក់ទ័រទៅភ្ជួរ និង ឈូសឆាយនៅលើដីចំការ ជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើដែលមានចំនួន៥០គ្រួសារជាង ដោយដីនោះមានចំនួន ០៧ហិកតា។ ចំពោះដីចំការនោះដែរ គឺជាដីកេរ្តិ៍ដូនតារបស់អ្នកភូមិទាំង៤៩គ្រួសារដែលបានធ្វើការបង្កបង្កើនផលជារៀងរាល់ឆ្នាំ ។ ចំពោះដីចំការនោះដែរ គឺមិនទាន់មានប្លង់រឹង ឬលិខិតបញ្ជាក់អ្វី នោះទេ ប៉ុន្តែពីដើមមកជាកម្មសិទ្ធិកេរ្តិ៍ដូនតារបស់អ្នករស់នៅភូមិតាម៉ើចំនួន៥០គ្រួសារជាងតាំងពីយូរណាស់មកហើយ ហើយប្រជាពលរដ្ឋទាំងនោះ មិនដែលធ្លាប់មានអ្នកណាហ៊ានលក់ដីចំការនោះទៅឲ្យអ្នកណាឡើយ ពីព្រោះដីនោះជាដីរួម របស់អ្នកភូមិតាម៉ើទាំង៥០គ្រួសារជាង ។ ហើយនៅពេលដែលខ្លួននិងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅភូមិតាម៉ើ បានដឹងថាឈ្មោះ សាយ គីមឡម ភេទប្រុស, ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានរំលោភ យកដីចំការខាងលើ ទើបខ្លួន និងប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងពីជនខាងលើនេះតែ ម្តងទៅ។ ពួកគាត់ក៏បានសូមសំណូមពរ សម្ដេចតេជោ ហ៊ុន សែន សម្ដេចម៉ែ និងសម្ដេចធិបតី មេត្តាជួយរកយុត្តិធម៍ឲ្យពួកគាត់ជាប្រជាពលរដ្ឋទាំង៥០គ្រួសារជាង ដែលរស់នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្តីអនុគ្រោះផង៕

អត្ថបទដែលជាប់ទាក់ទង