សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោបានស្វាគមន៍និងសម្ដែងសេចក្ដីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងតួនាទីថ្មីរបស់សម្ដេចជាប្រធានព្រឹទ្ធសភានៅពេលនេះ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្ដម ឯកអគ្គរដ្ឋទូតនឹងបន្តខិតខំដើម្បីអោយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសំដែងនូវការត្រេកអរដែលបានចូលជួបសម្ដេចនៅពេលនេះ ហើយក៏សូមអបអរសាទរសម្ដេចតេជោ ដែលទទួលបានតួនាទីថ្មីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាតួនាទីខ្ពស់ជាងមុន។ ឯកឧត្តម ក៏បានលើកឡើងថានៅក្នុងអំឡុងឆ្នាំ២០១៩ ក្នុងពេលដែលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ភាគីនៃប្រទេសទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងជំនួយអភិវឌ្ឍន៍លើវិស័យអប់រំ និងវិស័យសុខាភិបាល។ ហើយ ឯកឧត្តមបានប្ដេជ្ញានឹងបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀតដោយបច្ចុប្បន្នពុំទាន់មានតុល្យភាពនៅឡើយ ដោយការនាំចេញពីកម្ពុជាទៅសាធារណរដ្ឋឆែកគឺមានទំហំស្ទើតែលើសមួយ ១០០រយដងនៃការនាំចូលពីឆែកមកកម្ពុជាវិញ ដូច្នេះ ឯកឧត្ដមនឹងខិតខំអោយមានការនាំចូលទំនិញច្រើនបន្ថែមទៀតពីឆែកមកកម្ពុជាដើម្បីអោយមានតុល្យភាពតាមរយៈការនាំអ្នកវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត ហើយជាមួយគ្នានេះក៏នឹងជំរុញឲ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍ ដល់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម បានជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ទទួលបានសុខភាពល្អ និងជោគជ័យក្នុងតួនាទីជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

សម្ដេចតេជោបានថ្លែងអំណរគុណចំពោះការជូនពរ ហើយ សម្ដេចតេជោ បានបញ្ជាក់ជូន ឯកឧត្ដមថា ក្នុងតួនាទីជាប្រធានព្រឹទ្ធសភាថា សម្ដេចបានកំណត់លើកស្ទួយការទូតសភាជាអាទិភាពមួយរបស់ព្រឹទ្ធសភាក្នុងអាណិតថ្មីនេះ ដោយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា ក្នុងស្មារតីនេះ ព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ទាក់ទងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឆែក សម្ដេចតេជោបានសម្ដែងការពេញចិត្ត ដោយចាប់តាំងពីឆ្នាំ 1979 ជាហូរហែមក ទោះបីប្រទេសឆេកូស្លូវ៉ាគីត្រូវបានបែងចែកជាពីរ ហើយស្ថានភាពនយោបាយកម្ពុជាមានភាពប្រែប្រួលយ៉ាងណា ក៏ទំនាក់ទំនងប្រទេសទាំងពីរនៅតែបន្ត ហើយសម្ដេចតេជោក៏លើកឡើងថា សម្ដេចគឺមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយនឹងមេដឹកនាំនៃសាធារណរដ្ឋឆែកជាបន្តបន្ទាប់ផងដែរ។

ពាក់ព័ន្ធនឹងការលើកស្ទូយការទូតសភានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចថា ឯកឧត្តមនឹងខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីឲ្យគណៈប្រតិភូសភាសាធារណរដ្ឋឆែក មកបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងនៃចុងឆ្នាំនេះ ពីព្រោះថាគណៈប្រតិភូសភាសាធារណរដ្ឋឆែក គឺមានបំណងនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាផងដែរ។

សម្ដេចតេជោ ក៏បានអរគុណ ឯកឧត្ដម ឯកអគ្គរដ្ឋទូតដែលនឹងជួយរៀបចំអោយមានទស្សនៈកិច្ចសភាឆែកមកកម្ពុជានាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។

សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជម្រុញអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសអោយមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញពីកម្ពុជាទៅសាធារណរដ្ឋឆែក ក៏ដូចជាពីសាធារណរដ្ឋឆែកចូលមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ទន្ទឹមនឹងនេះសម្ដេចក៏បានផ្ដល់អនុសាសន៍គួរពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលអាចជាការលើកទឹកចិត្តឲ្យអ្នកវិនិយោគមានទំនុកចិត្តគ្នាក៏ដូចជាការជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

សម្ដេចតេជាក៏បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក អោយទទួលបានជោគជ័យក្នុងបេសកម្មរបស់ខ្លួននៅកម្ពុជា និងជំរុញឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្តរីកលូតលាស់ រឹងមាំ កាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង