ឯកឧត្តម គួច ចំរើន៖ វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនូវទិសដៅកែទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់

កណ្ដាល៖ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា «វិស័យអប់រំ គឺជាវិស័យមួយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅកែទម្រង់វិស័យអប់រំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដូច្នេះសូមរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដាន ពិសេសត្រូវគិតគូរពីតម្រូវការអាទិភាព លើវិស័យអប់រំនៅក្រុង-ស្រុករបស់ខ្លួន ព្រោះថាវិស័យអប់រំត្រូវបានថ្នាក់ជាតិផ្ទេរឱ្យក្រុង-ស្រុកជាអ្នកគ្រប់គ្រងហើយ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍វិស័យអប់រំនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត»។

ការគូសបញ្ជាក់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពពិធីប្រគល់សម្ភារៈ និងបរិក្ខារ ជូនមត្តេយ្យសិក្សាសហគមន៍ តាមក្រុង-ស្រុកចំនួន៦ ក្នុងខេត្តកណ្តាល នៅបរិវេណមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល។

ក្នុងពិធីខាងលើ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងដែរថា ក្នុងខេត្តកណ្ដាលមាន មត្តេយ្យសិក្សារដ្ឋ ចំនួន ២៥២សាលា, មត្តេយ្យសិក្សាឯកជន ចំនួន៦៣សាលា, មត្តេយ្យសិក្សាសហគមន៍ ចំនួន១៨៤ថ្នាក់។ សម្ភារៈ និងបរិក្ខារ ដែលបានផ្ដល់ជូនមត្តេយ្យសិក្សាសហគមន៍ នៅតាមក្រុង-ស្រុកចំនួន៦ រួមមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកកោះធំ ក្រុងសំពៅពូន និងក្រុងតាខ្មៅ។ សម្ភារៈដែលត្រូវប្រគល់ជូនមាន៖ តុកុមារ ចំនួន ៣៩៥, កៅអីកុមារចំនួន ៣៩០, ធុងចមោះទឹកស្អាតចំនួន ៩៥ និងសម្ភារៈក្នុងកេស ចំនួន៩៥កេស ក្នុង១កេសមាន ១៥មុខដូចជា៖ កាវ ATM ស្កុតមុខធំ ខ្មៅដៃ ប្រដាប់ខួងខ្មៅដៃ កន្ត្រៃធំ ក្រដាសរ៉ាមពណ៌ រូបភាពផាត់ពណ៌ គូល័រឈើដីឥដ្ឋពណ៌ ប្លាស្ទីកអ៊ុតរឹង ឈុតល្បែងសិក្សា “ពស់ដើរតាមតួអក្សរ” ឈុតល្បែងសិក្សា” ផ្គុំដូមីណូចំនួនទៅនឹងលេខ” ម្សៅសាប៊ូ អំបោសជ័រ កន្ទេលជ័រ។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរ អប់រំយុវជន និងកីឡាខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់សម្ភារៈ និងបរិក្ខារ ឱ្យបានឆាប់ ជូនដល់មត្តេយ្យសិក្សាសហគមន៍ ចំនួន៧ ក្រុង-ស្រុកទៀត ដែលមិនទាន់បានផ្ដល់ឱ្យសម្រាប់ឆ្នាំ២០២៤។

ឯកឧត្តមបានស្នើដល់គណៈកម្មាធិពិគ្រោះយោបល់ការកិច្ចការស្ត្រី និងកុមារខេត្ត ត្រូវរៀបចំប្រអប់មូលនិធិ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បរិច្ចាគ នូវសម្ភារៈរបស់កូនៗគាត់ ដែលកូនៗរបស់គាត់ធំហួសមិនអាចប្រើបាន ឬកូនៗរបស់គាត់ឈប់ប្រើ ហើយពួកគាត់មិនដឹងត្រូវយកទៅទីណា ក្នុងករណីយកទៅបោះចោលគឺធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ ដូច្នេះប្រសិនបើពួកគាត់យកសម្ភារៈទាំងអស់នោះ មកបរិច្ចាគសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅមត្តេយ្យសហគមន៍ នោះពួកគាត់មិនបំផ្លាញនូវបរិស្ថាន ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅវិស័យអប់រំក្នុងខេត្តយើង ពិសេសពួកគាត់នឹងទទួលបាននូវបុណ្យកុសលផងដែរ។

ឯកឧត្ដមក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងការិយាល័យអប់រំនៅថ្នាក់ក្រុង-ស្រុក ត្រូវពិនិត្យតាមដាន ធ្វើយ៉ាងណាឱ្យមត្តេយ្យសិក្សាសហគមន៍ នៅមូលដ្ឋានរបស់ខ្លួន មាននិរន្តរភាព និងមានការប្រកួតប្រជែងជាមួយម្តេយ្យឯកជន ក៏ដូចជាមត្តេយ្យរដ្ឋផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង