ឯកឧត្តម ប៉ូច សោភ័ណ៖ ការបង្កើត« អ.ដ.ក» សំដៅសម្រេចឱ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌
កំពង់ស្ពឺ៖ ឯកឧត្តម ប៉ូច សោភ័ណ បានគូសបញ្ជាក់ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)នេះ ក៏ជាសមិទ្ធផលជាក់ស្តែងមួយក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ»។
ការគូសបញ្ជាក់របស់ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃអ.ដ.ក.នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្រ្តីរាជការ នៅក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្តថា ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា «គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន» ដែលគម្រោងនេះផ្តោតជាសំខាន់លើសកម្មភាពចំនួន២គឺ៖ ទី១-ការផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ និងទី២-រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។
ឯកឧត្ដមសមាជិក អ.ដ.ក. ក៏បានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តគោលដៅទី៥ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែលអ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ ហើយនាពេលខាងមុខនឹងបន្តអនុវត្ត «គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន» ដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេសផងដែរ៕