ឯកឧត្តម ឈាង រ៉ា៖ កម្ពុជាគ្រោងនឹងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកប ដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាព ទាំងក្នុងតំបន់ និងជាសកល
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា «កម្ពុជាគ្រោងនឹងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកប ដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាព ទាំងក្នុងតំបន់ និងជាសកល»។
ការសង្កត់ធ្ងន់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងការទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស់ តំណាងអង្គការសុខភាពពិភាពលោកប្រចាំនៅកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការការងារក្នុងវិស័យសុខាភិបាល ក៏ដូចជាការងារដែលក្រសួងសុខាភិបាល ត្រូវត្រៀមរៀបចំសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបាន និងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងលោកស្រីតំណាងអង្គការសុខាភាពពិភពលោកប្រចាំនៅកម្ពុជា បានពិភាក្សាលម្អិតលើរបៀបវារៈនៃកិច្ចប្រជុំ ព្រមទាំងប្រធានបទទាំងឡាយ នៃកិច្ចប្រជុំ ដែលភាគីក្រសួងសុខាភិបាលកម្ពុជាត្រូវចូលរួមធ្វើបទអន្តរាគមន៍ ជាពិសេសរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការ គឺជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ និងស្នើសុំឱ្យក្រុមការងារក្រសួងសុខាភិបាល និងក្រុមការងារអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា មានការជួបប្រជុំឱ្យបានទៀងទាត់ និងសហការគ្នាយ៉ាងជិតស្និទ៕