ឯកឧត្តម គួច ចំរើន កោតសរសើរប្រធានមន្ទីរអប់រំខេត្តកណ្ដាលដែលធ្វើឲ្យកីឡាជាតិជនពិការទើបចាប់ផ្តើមប្រកួតលើកដំបូងទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

កណ្ដាល៖ ឯកឧត្តម គួច ចំរើន កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូគ្រូបង្វឹក និងក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការហ្វឹកហាត់ដើម្បីត្រៀមខ្លួនចូលប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ការកោតសរសើររបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅរសៀលថ្ងៃចន្ទ័ ទី២៨ ខែតុលា ឆ្នាំ២០២៤ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា បើយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កីឡាជាតិរបស់យើងទាំង៣លើក កន្លងមក ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទូទាំងប្រទេស តែកីឡាជាតិ ជាជនពិការទើបចាប់ផ្តើមប្រកួតបានមួយលើក តែយើងទទួលបានចំណាត់ថ្នាក់ លេខ១ ទូទាំងប្រទេស។

ឯកឧត្ដមបានសំដែងនូវការវាយតម្លៃខ្ពស់ដល់កីឡាករ កីឡាការិនី ដែលបានចូលប្រគួតលេងតំណាងខេត្តកណ្តាល កន្លងមក ដោយក្មួយៗ បានបញ្ចេញអស់នូវកម្លាំងកាយចិត្ត ប្រកួតដណ្តើមមេដាយ ផ្តល់កិត្តិយសជូនខេត្តកណ្តាល ធ្វើឲ្យខេត្តយើងមានមុខមាត់ក្នុង ទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំ ប្រឹងប្រែងជំរុញវិស័យកីឡាខេត្ត ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។ ដោយទទួលបានការដង្ហែភ្លើងគប់ដោយផ្ទាល់ពីចំណុចចាប់ផ្តើមនៃការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោគ ក្នុងស្រុកកៀនស្វាយ ឆ្ពោះទៅកាន់ស្តាតអូឡាំពិក រាជធានីភ្នំពេញ ជាទីកន្លែងប្រារព្ធពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមលោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រៀបចំការប្រកួតរៀងរាល់ ២ឆ្នាំម្តង លើកទី១ បានចាប់ផ្តើមនាឆ្នាំ២០១៦ ក្នុងនោះខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៣ប្រភេទកីឡា ជាលទ្ធផល ខេត្តកណ្តាលទទួលបានចំណាត់លេខ៤ ទូទាំងប្រទេស ក្នុង ចំណោម ២៧អង្គភាព រាជធានី ខេត្ត ដែលបានចូលរួម ចំណែកមេដាយទទួលបានមេដាយមាស ចំនួន១៤ មេដាយប្រាក់ ចំនួន ២០ មេដាយសំរិទ្ធចំនួន៣០ សរុបចំនួន៦៤ គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ បានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ ខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន២៧ ប្រភេទកីឡា ជាលទ្ធផល ខេត្តកណ្តាលទទួលបាន ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស ក្នុងចំណោម ២៨អង្គភាពរាជធានី ខេត្ត បានចូលរួម ចំណែកមេដាយទទួលបាន មានមេដាយមាសចំនួន១៥ មេដាយប្រាក់ចំនួន២៥ មេដាយសំរិទ្ធចំនួន ៤៤ សរុប ៨៤គ្រឿងផងដែរ។

គួរបញ្ជាក់ថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយខេត្តកណ្ដាល មានចំនួនចូលរួមរបស់ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន៤៦៧នាក់ កីឡាការិនីចំនួន១៥៨នាក់ និងមានប្រភេទវិញ្ញាសាកីឡាចួលរួមចំនួន ៣១ប្រភេទ ក្នុងនោះរួមមាន បាល់ទាត់ (នារី)
បាល់ទះក្នុងសាល (នារី) បាល់បោះ (នារី) អត្តពលកម្ម (បុរស នារី) ប៉េតង់ (បុរស នារី) ការ៉ាតេ (បុរស នារី) តេក្វាន់ដូ WTF តេក្វាន់ដូ ITF (បុរស នារី) ប្រដាល់សកល (ប្រុស)ចំបាប់ (បុរស នារី) គុនល្បុក្កតោ (បុរស នារី) គុនដាវ (បុរស នារី) ទូកប្រពៃណី (បុរស នារី) បើកបុកស៊ីង (បុរស នារី) ប្រដាល់គុនខ្មែរ(បុរស នារី) យូដូ (បុរស នារី) លើកទម្ងន់ (បុរស នារី) សីដក់ (បុរស នារី) ហែលទឹក (បុរស នារី) ម៉ូតូទឹក (បុរស) វាយសី (បុរស នារី) ហុកគឺ (បុរស) ទោចក្រយាន (បុរស នារី) វូស៊ូ (បុរស នារី) ទ្រីយ៉ាត្លង (បុរស នារី) សូហ្វតិន្នីស (បុរស នារី) រាំ (បុរស នារី) វាយកូនបាល់(បុរស នារី) វាយកូនគោល (បុរស នារី) ជីជីតស៊ូ (បុរស នារី) អុកចត្រង្គ (បុរស) ចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង