Breaking News: ប៉ូលិសចិត្តសឿងម្នាក់ ផឹកស្រាស្រវឹងបើកឡានដេញបុកម៉ូតូ ផ្អើលប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ត្រូវបានក្រុមនគរបាលខេត្តកណ្ដាលចាប់វ៉ៃខ្នោះ ឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត
(កណ្ដាល)៖ មន្ត្រីនគរបាលម្នាក់ពិតជាចិត្តសឿងមែន ផឹកស្រាស្រវឹងជិះឡានដេញបុកម៉ូតូទាំងកម្រោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋវេលាម៉ោង២១៖៥០នាទីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ចំណុចខាងមុខផ្ទះ លក់ភេសជ្ជៈ សុនីតា នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យអង្គភាព The Mirror News ដឹងនៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥នេះ។
បើតាមប្រភពបាបឲ្យដឹងថា ឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរ នគរបាលត្រូវបានឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត។ ដោយមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,47 mg/L។
ជនរងគ្រោះឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
មុខរបរបុគ្គលិកក្រុមហ៊ុន ត្រូវរបួសចំក្បាលនិងជើងខាងធ្វេង។
វត្ថុតាងចាប់យកបានមានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AY-6536 ខូចខាតផ្នែកខាងមុខ ជារបស់ជនសង្ស័យ រីឯម៉ូតូ០១គ្រឿងម៉ាកHonda c125សេរី២០២៤ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ១ks៤១១៧ ខូចខាតមួយចំនួន ជារបស់ជនរងគ្រោះ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងបន្តថា យោងតាមកាំមេរ៉ាសុវត្ថិភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២១៖៥០នាទី ជាម៉ោងកាំមេរ៉ាសុវត្ថិភាព មានជនសង្ស័យឈ្មោះ សែម វិចទ័រ បានជិះរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានជិះដេញតាមម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 បើកបរដោយឈ្មោះ ផល វុទ្ធី ចាប់ពីចំណុចស្តុបតាលន់ លុះមកដល់ផ្លូវបំបែកជា៣ ដោយសារខ្លួនជិះម៉ូតូក្នុងល្បឿនលឿនក៏បានរេចង្កូតដួលនៅមុខផ្ទះលក់ភេសជ្ជៈ ពេលនោះ រថយន្តខាងលើបានបើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន ហើយម្ចាស់រថយន្តខាងលើក៏បានបើករថយន្តថយក្រោយក្នុងគោងបំណង ជិះមកបុកខ្លួនបន្តទៀតប៉ុន្តែរថយន្តនោះខូចទៅមុខមិនរួច ស្រាប់តែអ្នកបើកបររថយន្តនោះ ចុះពីលើរថយន្តវាយខ្លួន ជាច្រើនដៃបន្ថែមទៀត ពេលនោះក៏មានប្រជាពលរដ្ឋមកជួយឃាត់។
តាមការបំភ្លឺរបស់ឈ្មោះ ផល វុទ្ធី បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានស៊ីផ្លេ និងគៀម៉ូតូខ្លួននៅចំណុចមុខបុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ពេលនោះខ្លួនក៏បានជិះតាមពីក្រោយរហូតដល់ចំណុចស្តុបតាលន់ រថយន្តខាងលើក៏បានឈប់ចាំភ្លើងស្តុប ពេលនោះ ខ្លួនក៏បានឈប់ម៉ូតូក្បែររថយន្តនោះ ហើយធ្វើការគោះកញ្ចក់ទ្វាខាងស្តាំ ចំនួន២ដង បន្ទាប់មកខ្លួនក៏បានជិះម៉ូតូបត់ស្តាំតាមបណ្តោយផ្លូវ២១A រថយន្តខាងលើបានជិះដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងកាលតិច រួចបត់ឆ្វេងចូលទៅផ្លូវប៉េតុង លុះដល់ផ្លូវបំបែកជា៣ បើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន។
បន្ទាប់មកក៏មានសមត្ថកិច្ចចុះទៅដល់ធ្វើការឃាត់ខ្លួនអ្នកបើករថយន្ត យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណែកខ្លួនក៏បានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាជិះរថយន្តបុកម៉ូតូជនរងគ្រោះប្រាកដមែន ព្រោះខឹងជនរងគ្រោះបានវាយកញ្ចក់រថយន្តរបស់គាត់។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿងតាមនីតិវិធី៕