ឯកឧត្តម ឯម ច័ន្ទមករា សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន មេដាយមរតកអូឡាំពិកអន្ដរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្ដរជាតិយ៉ាងផុសផុលរីកចម្រើន។

មេដាយមរតកអូឡាំពិកអន្ដរជាតិ ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺជាមេដាយដែលខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្ដរជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ, រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា និងលោកជំទាវ  សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព និងជំរុញចលនាកីឡាជាតិ ឲ្យមានភាពរីកចម្រើន។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្លាយជាមេដឹកនាំទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានប្រកាសបើកការប្រកួតស៊ីហ្គេម។ ក្នុងពិធីបើកស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «ខ្ញុំសូមប្រកាសបើកកីឡាស៊ីហ្គេមចាប់ពីពេលនេះតទៅ»។

ការប្រកាសបើកព្រឹត្តិការណ៍កីឡាដ៏ធំបែបនេះគឺជាលើកទី២ ហើយនៅកម្ពុជាបន្ទាប់ពី ៦៤ឆ្នាំមុន។

សូមជម្រាបថាការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

ស៉ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ កែប កំពត និងខេត្តសៀមរាប៕

 

អត្ថបទដែលជាប់ទាក់ទង