អភិបាលក្រុងព្រះសីហនុ៖ បុគ្គលមួយចំនួនតូចមាយាទមិនសូវបាន ស៊ីរួចហើយ ចោល ថែមទាំងជុះ
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញបានសរសេរសារបង្ហោះ ដៀមដាម តិះដៀល បន្តុះបង្អាប់នូវបុគ្គលមួយចំនួនតូចតែងតែមានមាយាទមិនសូវល្អដែលបានមកលេងកំសាន្តនៅតាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុហើយបែរជាបោះសំរាមចោល ពាសវាលពាសកាល និងបានបន្ទោបង់តាមទីសាធារណៈនានាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ បាត់បង់សោភ័ណភាពទីក្រុង និងជះឥទិ្ធពលអាក្រក់ដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលគេបានយល់ដឹង និងជួយថែរក្សាបរិស្ថានតាមដងឆ្នេរនិងទីក្រុង។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ៖ បុគ្គលមួយចំនួនតូចមាយាទមិនសូវបាន ស៊ីរួចហើយ ចោលថែមទាំងជុះ…ទីនេះមិនមែនបង្គន់!
ទីនេះមិនមែនធុងសំរាម! យើងខ្ញុំជាអ្នកសម្អាត!
លោក សរ កក្កដា បានបញ្ជាក់ថា រដ្ឋបាលក្រុងព្រះសីហនុសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការលាងសម្អាតបរិវេណទីតាំងទីលានតេជោដើម្បីបំបាត់ក្លិនមិនល្អបណ្ដាលមកពីបុគ្គលមាយាទមិនសូវបាន មួយចំនួនតូច ដែលបាន ស៊ី រួចហើយចោល និងជុះ។
ទាក់ទិនករណីខាងលើនេះ ក៏មានបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមតិរិះគន់ក្នុងន័យស្ថាបនាថា របស់របរញ៉ាំឬរបស់របរយកទៅសម្រាប់ប្រើប្រាស់ចេះនាំគ្នាយកទៅកើត ចុះហេតុអ្វីគ្រាន់តែសំរាមឬកាកសំណល់របស់ខ្លួនវិចខ្ចប់យកទៅទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងម្ដេចមិនបាន ព្រោះថានៅតាមទីសាធារណៈនៃក្រុងព្រះសីហនុនិងតាមឆ្នេរ មានធុងសំរាមច្រើនណាស់ដែលអាចយកសំរាមឬកាកសំណល់ទុកដាក់ក្នុងធុងទាំងនោះបាន។ ម្យ៉ាងវិញទៀត ការបន្ទោបង់ក៏ដូច្នោះដែរ បន្ទប់ទឹកសាធារណៈក៏មានច្រើនដែរ គួរណាស់ចេះខ្មាស់អៀន គួរនាំគ្នាទៅបន្ទោបង់នៅក្នុងបង្គន់អនាម័យឲ្យបានត្រឹមត្រូវ៕