ក្រុមយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្តលើផ្លូវល្បឿនលឿនត្រូវបានសមត្ថកិច្ចបង្រ្កាបបានម្នាក់ហើយ
កំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរ ដែលជាជនរងគ្រោះនិងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានបេីកប្រតិបត្ដិការស្រាវជ្រាវរក
មុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់បាញ់កញ្ចក់រថយន្ដ។ និងដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានសហការជាមួយកម្លាំងនគរបាលប្រចាំការលេីផ្លូវល្បឿនលឿនស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតរត់គេចខ្លួន។
តាមប្រភពព័ត៌មានថា មុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វវេលាម៉ោង១៤និង៣០នាទី ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាពនិងបញ្ជាក់ថា ខ្លួននិងបក្ខពួកបានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិលនិងផ្លូវជាតិលេខ៤ភូមិស្លា។
តាមចម្លេីយបន្ថែមការធ្វេីសកម្មភាពមិនរេីសប្រភេទរថយន្ដនិងពេលវេលាទេ ឲ្យតែខ្លួននិងបក្ខពួកចេញ មកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្នគឺកន្លែងប្រេីបប្រាស់គ្រឿងញៀ។ កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីនតែមិនដឹងថាចំឬបែកកញ្ចក់ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត។ ឈ្មោះ ឈឿម ដែន បានសារភាពថាករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាពពេលខ្លះមិនបានផលនោះទេ។
ក្រៅពីខ្លួននៅមានបក្ខពួកម្នាក់ពីរទៀតធ្វើសកម្មភាពសកម្ម រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួ។
ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតាមនីតិវិធី៕