ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាថ្ងៃអង្គារ៍ទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលសមាជិកបក្សចំនួន១០០០នាក់ ក្នុងឃុំលើកដែក និងបានអំពាវនាវឱ្យរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។

គួររំលឹកជូនថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានដឹកនាំសមាជិកបក្សជាង៣៥០០នាក់ ហែក្បួនរកការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានក្រោមបរិយាកាសយ៉ាងកងរំពងជាខ្លាំង បង្ហាញពីអនុភាពអំណាចនៃគណបក្សប្រជាជន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប មានចំនួន១៨ ដែលមានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង