ប៉ូលិសស្រុកបាទីចាប់ក្រុមចោរឆក់ទូរស័ព្ទដៃបាន២នាក់ នៅចំណុចភូមិបាល័ង្គរាជា ស្រុកគងពិសី

តាកែវ៖ នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទី មានករណីឆក់ទូរស័ព្ទដៃមួយបានកើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង២.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យបានប្រើប្រាស់មធ្យោបាយម៉ូតូចំនួនមួយគ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជា​ផ្ទាល់​ ពី​ លោកវរសេនីយ៍ឯក​ ឆាយ​ កែវមុន្នី​ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី​ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ​និង​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បាននៅវេលាម៉ោង១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿងធុនយ៉ាម៉ាហា អុឹមស្លាស150ពាក់ផ្លាកលេខភ្នំពេញ 1AS-0607 ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅដែលជារបស់ជនរងគ្រោះឈ្មោះ សោ សុខហេង.និងម្សៅក្រាមពណ៌សថ្លា គឺសារធាតុញៀនចំនួន០១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញរួច៕

អត្ថបទដែលជាប់ទាក់ទង