យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ, សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនស្ស័យ រស់ ពុទ្ធា ហៅ «ក្របី»
មណ្ឌលគិរី៖ យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ, ពេលនេះស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីកំពុងសហការយ៉ាងល្អជាមួយសមត្ថកិច្ចក្នុងការអនុវត្តនីតិវិធីតាមចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅ «ក្របី» បន្ទាប់ពីជននេះ ផឹកស៊ីស្រវឹងបាញ់ស្ដ្រីម្នាក់បណ្ដាលឱ្យរបួសធ្ងន់ បៀមគ្រាប់ក្នុងខ្លួន។នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះកាលបរិច្ឆេទ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលបណ្ដឹងពីជនរងគ្រោះផ្ទាល់ផង និងទទួលបានសំណុំរឿងពីស្នងការខេត្តមណ្ឌលគិរីផង ដើម្បីចាត់បន្តតាមនីតិវិធី។
អ្នកនាំពាក្យអយ្យការបានបញ្ជាក់ទៀតថាករណីខាងលើ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួនរួចហើយដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការនាំខ្លួនឬចាប់ខ្លួន ឈ្មោះ រស់ ពុទ្ធា ហៅ«ក្របី» យកមកទទួលខុសត្រូវចំពោះមុខច្បាប់
ក៏ដូចជាផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។ខណៈបច្ចុប្បន្នឈ្មោះ រស់ ពុទ្ធា ហៅក្របីកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ច ក៏កំពុងស្វែងរកចាប់ខ្លួនផងដែរ។
សូមជម្រាបថា ករណីបាញ់ប្រហារនេះបានកើតឡើង នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ ជនរងគ្រោះ ដែលរងការបាញ់ប្រហារឈ្មោះ ចន សុវណ្ណណេត ហៅហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានរបួសត្រូវគ្រាប់ត្រង់ចំណុចដេីមដោះខាងស្ដាំ ដោយក្បាលគ្រាប់បៀមជាប់ នៅក្រោមស្លាបប្រចៀវ បញ្ឆិតដេីមដៃ។
ដោយឡែកខ្មាន់កាំភ្លើងខាងលើ ឈ្មោះ រស់ ពុទ្ធា ហៅក្របី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។
បើតាមប្រភពថា នៅមុនកើតហេតុ ជនរងគ្រោះនិងខ្មាន់កាំភ្លើង រួមនិងបក្ខពួក២នាក់ទៀត បាននាំគ្នាផឹកស៊ីលុះដល់យប់ជ្រៅស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដី ហើយខ្មាន់កាំភ្លើង រហ្សសនាម«ក្របី»បានប្រើកាំភ្លើងខ្លីបាញ់បណ្ដាលឱ្យត្រូវនារី រងគ្រោះរបួសធ្ងន់តែម្ដងទៅ ក្រោយកើតហេតុបក្ខពួក «ក្របី» បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យដោយស្មានថា នាងស្លាប់។
ជុំវិញករណីនេះ មហាជនទូទៅក៏ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់ និងខ្លាចរអារជាខ្លាំង ចំពោះបុរសមុខកាចមាឌធំដែលមានរហ្សសនាម«ក្របី» ព្រោះគេជាមនុស្សសាហាវព្រៃផ្សៃបំផុត ដោយតែងតែ ធ្វើសកម្មភាពដើរបាញ់បោះសេរី ជាញឹកញាប់ គំរាមកំហែងសំឡុត ទៅលើអ្នកទន់ខ្សោយ ដែលប្រឆាំងឬមិនស្ដាប់បង្គាប់ខ្លួន។ ជាពិសេសនៅពេលផឹកស៊ីស្រវឹង«ក្របី»នឹងប្រើអាវុធបាញ់ប៉ងសម្លាប់អ្នកនៅក្បែរគាត់ ឬដៃគូទំនាស់ជាបន្តបន្ទាប់ ដូចបាញ់ចាបអញ្ចឹងដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់កម្ពុជា សោះឡើយ។ កត្តាទាំងនេះហើយ ទើបសមត្ថកិច្ចមួយចំនួនរួញខ្លួនមិនសូវហ៊ានអនុវត្តច្បាប់ដោយចេញមុខមាត់នោះទេ ព្រោះ«ក្របី»មានខ្នងបង្អែករឹងមាំ ដោយខ្លាចថា បើចាប់«ក្របី»ដាក់គុកមិនយូឡើយនឹងចេញមកវិញ ហើយពេលចេញមកវិញ អ្នកចាប់អាចប្រឈមនឹងមានគ្រោះធំ។ ជាក់ស្ដែងកាលពីកំឡុងឆ្នាំ២០២១«ក្របី»ប្រើកាំភ្លើងវ៉ាន់ឡុង បាញ់មន្ត្រីប៉ូលិសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ប៉ុន្តែមិនជាប់គុកហើយមានសេរីភាព ដើរផឹកស៊ីពេញលេញទៀតផង។លុះដល់លើកនេះទៀត គេសង្ឃឹមថាសមត្ថកិច្ចនឹងតាមចាប់ខ្លួនរហ្សសនាម«ក្របី»បាន មិនខានឡើយ៕