រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់លាលែងពីតំណែងបន្ទាប់ពីត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍

វែលីងតោន៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ បានសុំលាលែងពីតំណែង បន្ទាប់ពីត្រូវបានសមត្ចកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៊ីបគីន បានឱ្យដឹងថា លោកស្រី គីរី អាល់លែន (Kiri Allan) បានលាលែងពីតំណែងទាំងអស់ក្នុងពេលភ្លាមៗតែម្តង បន្ទាប់ពីលោកស្រីត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅ​ទីក្រុងវែលីងតោន កាលពីថ្ងៃអាទិត្យ។

បើតាមលោកនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី អាល់លែន ត្រូវបានអាជ្ញាធរចោទប្រកាន់ជាផ្លូវការ អំពីបទប្រើប្រាស់យានយន្តដោយ​គ្មានការប្រុងប្រយ័ត្ន និងមិនផ្តល់ការសហការជាមួយមន្រ្តីប៉ូលិស។

លោក ហ៊ីបគីន បាននិយាយថា លោកស្រី អាល់លែន ដឹងខ្លួនច្បាស់ថា ខ្លួនឯងមិនអាចនៅរក្សាតំណែងបានឡើយ ជាពិសេសក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌបែបនេះ។

គួរបញ្ជាក់ថា លោកស្រី អាល់លែន គឺជារដ្ឋមន្រ្តីនូវែលសេឡង់ទី៤ហើយ ដែលបានចុះចេញពីតួនាទី គិតចាប់តាំងខែមីនា ឆ្នាំនេះ ខណៈ​ការបោះឆ្នោតសកលថ្មី នឹងត្រូវរៀបចំឡើងនាខែតុលាខាងមុខ។

ការស្ទង់មតិបានបង្ហាញថា គណបក្ស Labour ដែលកំពុងកាន់អំណាច អាចនឹងប្រឈមការប្រកួតប្រជែងស្វិតស្វាញ ជាមួយគណបក្ស National Party ដែលជាប្រឆាំងធំជាងគេនៅនូវែលសេឡង់៕

អត្ថបទដែលជាប់ទាក់ទង