លោក Putin គូសបន្ទាត់ក្រហមជាមួយអ៊ុយក្រែននិងណាតូ
អន្តរជាតិ៖ ប្រធានាធិបតីរុស្សុ លោក VladimirPutin បាននិយាយថា រុស្ស៊ីមិនអាចទទួលយកសម្ព័ន្ធមិត្តយោធាអរិភាពនៅមាត់ទ្វាររបស់ខ្លួនបានទេ។
ថ្លែងទៅកាន់មេដឹកនាំអាហ្វ្រិកកាលពីថ្ងៃទី២៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ ណាតូ នឹងក្លាយជាការគំរាមកំហែងយ៉ាងសំខាន់ចំពោះសន្តិសុខជាតិរបស់រុស្ស៊ី ហើយទីក្រុងម៉ូស្គូនឹងមិនអនុញ្ញាតឱ្យវាទៅទីនោះឡើយ។
លោក Putin បានសំដៅទៅលើសេចក្តីថ្លែងការណ៍ឆ្នាំ១៩៩០ដែលបាននិយាយថាអ៊ុយក្រែនសូវៀតគឺជារដ្ឋអធិបតេយ្យដែលនឹងបន្តដំណើរនៃអព្យាក្រឹតភាពអចិន្ត្រៃយ៍។ «សេចក្តីប្រកាសនៅលើក្រដាសសទឹកខ្មៅបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនជាប្រទេសអព្យាក្រឹត។ នេះមានសារៈសំខាន់ជាមូលដ្ឋាន។
យើងមិនយល់ថាហេតុអ្វីបានជាលោកខាងលិចព្យាយាមទាញអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ។ប៉ុន្តែយើងជឿថាវារួមបញ្ចូលការគំរាមកំហែងដល់សន្តិសុខយើង»។ម្ចាស់វិមានក្រឹមឡាំងបានសង្កត់ធ្ងន់។ មេដឹកនាំរុស្ស៊ីបាននិយាយថា «យើងមិនអាចទទួលយកបានថា ទីតាំងយោធានៃសម្ព័ន្ធមិត្តយោធាអរិភាពកាន់តែខិតជិតព្រំដែនរុស្ស៊ី»។ នៅចុងឆ្នាំ២០២១រុស្ស៊ីបានប្រកាសនូវសំណើសន្តិសុខជាបន្តបន្ទាប់ទៅកាន់លោកខាងលិច ដែលតម្រូវឱ្យណាតូដកទ័ព និងសព្វាវុធទាំងអស់ចេញពីប្រទេសដែលបានចូលរួមសម្ព័ន្ធភាពក្រោយឆ្នាំ ១៩៩៧រួមមានប្រទេសប៉ូឡូញ អេស្តូនី លីទុយអានី ឡាតវី និងប្រទេសបាល់កង់។ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូបានច្រានចោលទាំងស្រុងនូវអ្វីដែលរុស្ស៊ីចាត់ទុកថាជាសំណើសន្តិសុខ «ស្នូល» ដោយយល់ព្រមពិភាក្សាតែបញ្ហាមួយចំនួនប៉ុណ្ណោះ ដូចជាការគ្រប់គ្រងមីស៊ីលនៅអឺរ៉ុប។
នៅក្រោមគោលនយោបាយបើកទ្វាររបស់អង្គការណាតូប្រទេសអឺរ៉ុបណាមួយដែលមានបំណងបំពេញការប្តេជ្ញាចិត្ត និងកាតព្វកិច្ចសមាជិកភាពរបស់ខ្លួនត្រូវបានស្វាគមន៍ក្នុងការចូលរួមសម្ព័ន្ធភាពនេះ។ទីក្រុងម៉ូស្គូនិយាយថានេះជាមូលហេតុចម្បងមួយ ដែលរុស្ស៊ីគ្មានជម្រើសក្រៅពីបើក «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងដែលបានបន្តផែនការចូលរួមជាមួយណាតូជាយូរមកហើយ។បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង ប្រទេសលោកខាងលិចនៅតែបន្តផ្តល់ជំនួយយោធាដល់ក្រុងគៀវ។ ទីក្រុងម៉ូស្គូជឿថានេះបង្ហាញថាអាមេរិកនិងសម្ព័ន្ធមិត្តកំពុងធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។
នៅឯកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅ St. Petersburg កាលពីថ្ងៃទី២៨ខែកក្កដា ប្រធានាធិបតី Putin បានបញ្ជាក់ថារុស្ស៊ីចង់ត្រៀមខ្លួនសម្រាប់ការចរចាដើម្បីបញ្ចប់ជម្លោះ។ ទន្ទឹមនឹងនេះលោកបាននិយាយថាក្រុងគៀវបានអនុម័តច្បាប់ហាមឃាត់ការចរចាជាមួយទីក្រុងម៉ូស្គូហើយបានបោះបង់ចោលកិច្ចព្រមព្រៀងដែលបានចរចាកាលពីខែមីនា ឆ្នាំ២០២២នៅតួកគី។យោងតាមលោកPutin ក្នុងអំឡុងពេលការចរចាកាលពីឆ្នាំមុន អ៊ុយក្រែនដំបូងបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអព្យាក្រឹតដែលនឹងកំណត់ឃ្លាំងអាវុធធុនធ្ងន់របស់ទីក្រុងគៀវ។
ទោះជាយ៉ាងណាក៏ដោយគៀវបានដកចេញនូវកិច្ចព្រមព្រៀងនេះភ្លាមៗ។ក្រោយមកមន្ត្រីអ៊ុយក្រែនបាននិយាយថា នឹងមិនមានកិច្ចចរចាសន្តិភាពទេ រហូតដល់រុស្ស៊ីដកទ័ពចេញពីគ្រីមៀនិងទឹកដីដែលខ្លួនគ្រប់គ្រងក្នុងអ៊ុយក្រែន។
ទីក្រុងម៉ូស្គូបានចាត់ទុកការទាមទាររបស់ទីក្រុងគៀវ «មិនអាចទទួលយកបាន» ហើយនិយាយថាអ៊ុយក្រែនត្រូវតែទទួលយក «ការពិតនៃដែនដីថ្មីមួយ»។ រុស្ស៊ីក៏បានបញ្ជាក់ដែរថាខ្លួននឹងសម្រេចបានរាល់គោលដៅដែលបានកំណត់ក្នុងប្រតិបត្តិការយោធា៕
ប្រភព៖ Reuters