មហាក្សត្រចិនទាមទារយហ្វីលីពីនឲ្យយកខ្មោចនាវាចេញពីដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង
ប៉េកាំង៖ នៅថ្ងៃអង្គារនេះ មហាក្សត្រចិនបានអំពាវនាវសាជាថ្មីឱ្យហ្វីលីពីនយកខ្មោចនាវាចម្បាំងមួយគ្រឿង ចេញពីតំបន់ថ្មប៉ប្រះទឹកដែលមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។
កាលពីអំលុងចុងទសវត្សរ៍ឆ្នាំ១៩៩០ ហ្វីលីពីនបានយកនាវាចម្បាំងដ៏ចំណាស់មួយគ្រឿង ឈ្មោះ BRP Sierra Madre ទៅទុកចោលនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាផ្នែកនៃទីប្រជុំកោះមានបញ្ហាវិវាទ Spratly ក្នុងសមុទ្រចិនខាងត្បូង និងបានដាក់ពង្រាយកងទ័ពមួយចំនួនតូច ឱ្យឈរជើងប្រចាំនៅលើនាវានោះ។
នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «ភាគីហ្វីលីពីន ធ្លាប់បានសន្យាជាច្រើនលើកមកហើយថា នឹងយកនាវាចម្បាំង ដែលខ្លួនបានទុកចោលដោយខុសច្បាប់ នៅតំបន់ថ្មប៉ប្រះទឹក Ren’ai ចេញពីទីនោះវិញ»។ ចិនហៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ថា Ren’ai។
អ្នកនាំពាក្យខាងលើបានបន្តទៀតថា «រយៈពេល២៤ឆ្នាំបានកន្លងផុតទៅ ភាគីហ្វីលីពីនពុំត្រឹមមិនបានយកនាវាចម្បាំងនោះចេញវិញទេ ប៉ុន្តែថែមទាំងបានព្យាយាមជួសជុល និងពង្រឹងវាក្នុងទ្រង់ទ្រាយធំទៀតផង ក្រោមគោលដៅចង់សម្រេចឱ្យបាន នូវការត្រួតត្រាជាអចិន្រ្តៃយ៍លើតំបន់ថ្មប៉ប្រះទឹក Ren’ai។ ជាថ្មីម្តងទៀត ភាគីចិនទទូចឱ្យហ្វីលីពីន អូសនាវាចម្បាំងចេញពីទីនោះជាបន្ទាន់ ដើម្បីស្តារស្ថានភាពគ្មានវត្តមានមនុស្សឬមូលដ្ឋានណាមួយ នៅតំបន់ថ្មប៉ប្រះទឹក Ren’ai ឡើងវិញ»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនក៏បានធ្វើការអំពាវនាវដូចគ្នាដែរ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ហ្វីលីពីនទើបតែបានចោទប្រកាន់ឆ្មាំសមុទ្រចិន អំពីការប្រើកាណុងបាញ់ទឹកមកលើទូកខ្លួន អំលុងបេសកកម្មដឹកជញ្ជូនបរិក្ខារផ្គត់ផ្គង់ ឱ្យកងទ័ពហ្វីលីពីនដែលឈរជើងនៅលើនាវា Sierra Madre។ ដោយឡែក ទីក្រុងប៉េកាំងបានចេញមុខការពារសកម្មភាពរបស់ខ្លួន ថាជាចំណាត់ការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ហើយបានចោទប្រកាន់ទីក្រុងម៉ានីលថា តាមពិតគឺបានប៉ុនប៉ងដឹកសម្ភារសម្រាប់ការសាងសង់ ទៅកាន់នាវាចម្បាំងនោះ៕