អភិបាលក្រុងអរិយក្សត្របានណែនាំនិងហាមដាច់ខាតមិនឲ្យមានវេជ្ជបណ្ឌិតដែលគ្រាន់តែឈរឈ្មោះ ហើយអត់នៅទីតាំង ឬទីកន្លែងនោះទេ

កណ្ដាល៖ លោក ចាន់ តារា បានជំរុញណែនាំដល់ប្រធានការិយាល័យស្រុកប្រតិបត្តិឲ្យគោរពតាមក្រមសីលធម៌ពេទ្យ និងបច្ចេកទេសពេទ្យនិងបានហាមដាច់ខាតមិនឲ្យមានវេជ្ជបណ្ឌិតដែលគ្រាន់តែឈរឈ្មោះ ហើយអត់នៅទីតាំង ឬទីកន្លែងនោះទេ។

ការណែនាំនិងហាមរបស់លោក ចាន់ តារា អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោកអភិបាលក្រុងបានបន្តណែនាំដល់ប្រធានការិយាល័យស្រុកប្រតិបត្តិឲ្យកោះហៅក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាពក្នុងសង្កាត់នីមួយៗ គ្លីនិកឯកជននានាប្រជុំណែនាំពីក្រមសីលធម៌ពេទ្យ បច្ចេកទេសពេទ្យ និងណែនាំដល់វេជ្ជបណ្ឌិតមិនអនុញ្ញាតឲ្យដែលគ្រាន់តែឈរឈ្មោះ ហើយមិននៅទីតាំង ឬទីកន្លែងនោះទេ។

លោក ចាន់ តារា ក៏បានណែនាំដល់កម្លាំងអធិការក្រុង, កម្លាំងកងរាជអាវុធហត្ថក្រុង និងសង្កាត់ទាំង១១ត្រូវពង្រឹងលើកិច្ចការងារភូមិ-ឃុំមានសុវត្ថិភាព ល្បែងសុីសង គ្រឿងញៀន និងក្ដាប់មុខសញ្ញា។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាលក្រុងបានដឹកនាំកិច្ចប្រជុំដោយមាននូវរបៀបវារៈដូចខាងក្រោម៖
១៖ មតិបេីកកិច្ចប្រជុំដោយ លោកអភិបាលក្រុង, ២៖ របាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤, ៣៖ ពិនិត្យរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលក្រុងអរិយក្សត្រ, ៤៖ បញ្ហាផ្សេងៗ
និង៥៖ មតិបូកសរុប និងបិទកិច្ចប្រជុំដោយ លោកអភិបាលក្រុង៕

អត្ថបទដែលជាប់ទាក់ទង