ព្រោះតែភ្លើងប្រច័ណ្ឌ ប្ដីកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម កូនស្រីៗ២នាក់ រងរបួសធ្ងន់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
(បាត់ដំបង)៖ ប្ដីចិត្តកំណាច, ឪពុកចិត្តតិរច្ឆានម្នាក់ ព្រោះតែភ្លើងប្រច័ណ្ឌហ៊ានលើកដៃកាប់ប្រហារប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាម និងបណ្ដាលឲ្យកូនស្រីៗ២នាក់ទៀតរងរបួស។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពបានបន្តថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០២៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ២០២៥ នៅត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រភពបន្ថែមថា ជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើប្រាស់ដោយយកកាំបិតខ្វែវ ជាប្រភេទកែច្នៃ កាប់ទៅលើប្រពន្ធឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចបន្តកាប់ទៅលើកូនៗចំនួន០២នាក់៖ ១. ឈ្មោះ វាណ្ណារ៉ា ឆផ្កា ភេទស្រី អាយុ១១ឆ្នាំ របួសស្មាពីក្រោយចំហៀងខាងឆ្វេង០១កន្លែង របួសមធ្យម(កូនប្តីដើម)។ ២.ឈ្មោះ វាណ្ណារ៉ា គន្ធា ភេទស្រី អាយុ០៨ឆ្នាំ របួសចំពីលើក្បាល០១កន្លែង (របួសមធ្យមត្រូវជាកូនបង្កើតជនសង្ស័យ)។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានសុំទូរស័ព្ទប្រពន្ធដែលជាជនរងគ្រោះមើលដោយចោទថា ជនរងគ្រោះមានទាក់ទងប្រុសផ្សេងនឹងបានគំរាមជនរងគ្រោះឲ្យប្រយ័ត្នខ្លួន ដោយជនរងគ្រោះខឹងក៏នាំកូនស្រីទាំង០២នាក់ មកដេកនៅរោងគោផ្ទះរបស់ឈ្មោះ ថឿង ផល ហៅមុំ ភេទស្រី អាយុប្រហែល៤៥ឆ្នាំ ដែលត្រូវជាបងបង្កើត ផ្ទះទុកចោល ក្រោយមកជនសង្ស័យមកហៅឲ្យទៅដេកផ្ទះវិញតែជនរងគ្រោះមិនទៅ លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យប្រដាប់ដោយកាំបិតខ្វែវជាប្រភេទកែច្នៃ មកធ្វើសកម្មភាពកាប់ជនរងគ្រោះនិងកូនៗ តែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕