ល្បែងស៊ីសងមួយកន្លែងកំពុងដំណើរការនៅខាងក្រោយក្រសួងទេសចរណ៍នៃតំបន់បុរីកីឡា
(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងមួយកន្លែងកំពុងដំណើរការនៅខាងក្រោយក្រសួងទេសចរណ៍នៃតំបន់បុរីកីឡាដែលបើកដំណើរការចម្ងាយប្រមាណ៣០០ម៉ែត្រពីអធិការដ្ឋាននគរបាលខណ្ឌ៣មករា។
ប្រភពរាយការណ៍បន្តថា មានប្រជាពលរដ្ឋអ្នកញៀនល្បែងជាច្រើននាក់ កំពុងឈ្លក់វង្វេងជាមួយនឹងល្បែងស៊ីសងនៅទីតាំងខាងលើនេះ។ ខណៈអ្នកដែលទៅលេងល្បែងផ្ទាល់នៅទីតាំងខាងលើនោះ បានប្រាប់ថា អ្នកចូលចិត្តលេងល្បែងស៊ីសងអាចចូលតាមផ្លូវលំច្រកផ្លូវ ភូមិ១២ សង្កត់វាលវង់ ដែលនៅទីនេះ មានល្បែងស៊ីសងច្រើនប្រភេទដូចជា អាប៉ោង បៀរ និងធូ (គ្រាប់អំពិល)។
ប្រភពអ្នកលេងល្បែងរូបនេះបញ្ជាក់ថា នៅទីតាំងខាងលើនេះ ហាក់ដូចជាមានសុវត្ថិភាពណាស់ ចាប់ពីដំណើរការមក មិនឃើញមានសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះទេ។
ប្រភពបានបន្ថែមថា មួយរយៈចុងក្រោយនេះ ពោលគឺតាំងពីដើមសប្តាហ៍នេះមក ចំនួនអ្នកលេងល្បែងនៅទីតាំងខាងលើ បានកើនឡើងគួរឲ្យកត់សម្គាល់ដែល វាហាក់ដូចជាឱកាសនៃការចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រជាពលរដ្ឋ ជាពិសេសអ្នកញៀនល្បែងសម្រុកចូលទៅទីតាំងខាងលើ ជាមួយនឹងការលេងចាក់ភ្នាល់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន។ ហើយគេមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចចុះទៅសួរនាំអ្វីទេ ទោះបីជាមានការហ៊ោរ ស្រែកលឺខ្លាំងៗយ៉ាងណាក៏ដោយ។ ដោយសារតែមានសុវត្ថិភាពយ៉ាងដូច្នេះហើយ ទើបចំនួនអ្នកចូលទៅលេងល្បែងស៊ីសងទីតាំងខាងលើ មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕