ភាពគ្មានសណ្ដាប់ធ្នាប់ ការខ្វះអនាម័យ និងភាពអាណាធិបតេយ្យនៅចំណុចជុំវិញនិងក្នុងផ្សារកាច់ជ្រុងបានកំពុងបន្តកើតឡើងជារៀងរាល់ថ្ងៃ ខណៈចៅហ្វាយក្រុងតាខ្មៅនិងមេសង្កាត់តាខ្មៅអសមត្ថភាពដោះស្រាយ!
(កណ្ដាល)៖ ភាពគ្មានសណ្ដាប់ធ្នាប់ ការខ្វះអនាម័យ និងភាពអាណាធិបតេយ្យនៅតែបានកំពុងបន្តកើតឡើងជារៀងរាល់ថ្ងៃនៅតាមផ្សារនានានៅក្នុងតាខ្មៅដែលសកម្មភាពទាំងនោះ ហាក់បានកំពុងបង្ហាញពីសមត្ថភាពគ្រប់គ្រងរបស់ក្រុមមន្ត្រីទទួលបន្ទុកមួយចំនួននៅក្នុងជួររដ្ឋបាលក្រុងតាខ្មៅ ក្រោមការដឹកនាំរបស់លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅនេះតែម្ដង។ ជាពិសេសនៅចំណុចជុំវិញនិងនៅក្នុងផ្សារកាច់ជ្រុង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានសកម្មភាពជួញដូរយ៉ាងសកម្មមួយនៅក្នុងតំបន់។ ប៉ុន្តែទោះជាយ៉ាងណា ផ្សារនេះក៏មានបញ្ហាជាច្រើនគួរឱ្យព្រួយបារម្ភ ដែលបង្ហាញពីភាពខ្វះខាតនៃការគ្រប់គ្រងប្រកបដោយច្បាប់ច្បាស់លាស់។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពបានឲ្យដឹងបន្តថា បញ្ហានៃការលក់ដូរដោយអស្ថេរភាព និងអត់មានសណ្ដាប់ធ្នាប់ ផ្លូវសាធារណៈកាន់តែរួមតូចទៅៗ។ ព្រោះមានកន្លែងជាច្រើននៅជុំវិញផ្សារត្រូវបានគេយកមកប្រើសម្រាប់ដាក់តូបលក់ដោយខ្វះស្មើភាព និងគ្មានស្ថានភាពថេរ។ ភាគច្រើនអ្នកលក់យកផ្លូវសាធារណៈជាផ្នែកនៃអាជីវកម្មរបស់ខ្លួន ដោយសាងសង់ជាបណ្តោះអាសន្នបិទផ្លូវចរាចរណ៍ និងបង្កឱ្យមានការចរចារលំបាកសម្រាប់ប្រជាពលរដ្ឋទូទៅ។
ប្រភពបន្តទៀតថា បញ្ហាខ្វះអនាម័យ ដូចជាទឹកស្អុយ សំរាម និងសត្វល្អិតមានកើតឡើងជាទៀងទាត់។ តំបន់លក់ត្រី សាច់ និងបន្លែ មិនមានប្រព័ន្ធលាងសម្អាតសមរម្យនោះទេ។ បញ្ហាទាំងនេះប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ និងបរិស្ថានជុំវិញ។
ប្រភពផ្សេងទៀតបានខ្សឹបឲ្យដឹងដែរថា ភាពអាណាធិបតេយ្យដោយអ្នកលក់ជាច្រើនបង្ហាញថា ពួកគេមិនមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងការគ្រប់គ្រងផ្សារឡើយ។ ការបែងចែកកន្លែង និងការបង់ថ្លៃត្រូវបានអនុវត្តដោយមនុស្សឯកជន ឬអាជ្ញាធរមានអំណាច ដោយគ្មានការពិភាក្សាជាមួយសាធារណជន។ ភាពមិនច្បាស់លាស់នៃការគ្រប់គ្រងនេះបង្កឱ្យមានអំណាចស្ថិតលើមនុស្សតែមួយក្រុមដែលអាចជាហេតុបង្កឲ្យមានភាពអយុត្តិធម៌ក្នុងសហគមន៍។
បើតាមប្រភពប្រជាពលរដ្ឋដែលតែងតែទៅផ្សារកាច់ជ្រុងនេះស្ទើរតែរាល់ថ្ងៃបានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា បញ្ហាដែលគួរឱ្យព្រួយបារម្ភជាខ្លាំងគឺការរំលោភយកផ្លូវសាធារណៈ ដើម្បីធ្វើជាតំបន់អាជីវកម្មឯកជន។ មានមនុស្សឯកជនយកផ្លូវ ឬគល់ផ្លូវសាធារណៈសាងសង់ជាតូបលក់ ដោយបង់ថ្លៃឲ្យក្រុមអាជ្ញាធរឬមនុស្សដែលអះអាងខ្លួនជាម្ចាស់។ វាបង្ហាញពីការខ្វះការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដែលអាចប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទូទៅ។
ប្រភពបានបន្ថែមយ៉ាងនេះទៀតថា ចំពោះបញ្ហាទាំងនេះ អាជ្ញាធរមានសមត្ថភាពគួរតែធ្វើការកែសម្រួល ដោយបង្កើនការចូលរួមរបស់សហគមន៍ ដំឡើងស្តង់ដារអនាម័យ និងធានាថាការប្រើប្រាស់ដីសាធារណៈត្រូវបានអនុវត្តដោយស្មើភាព និងមានច្បាប់គ្រប់គ្រង។ ការអភិវឌ្ឍទីផ្សារមិនអាចប្រើតែការលូតលាស់សេដ្ឋកិច្ច ប៉ុន្តែត្រូវតែអភិវឌ្ឍផងដែរនូវគុណភាពនៃជីវិត និងសិទ្ធិមនុស្សផងដែរ។
ជុំវិញបញ្ហាខាងលើនេះ តើលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅនិងមន្ត្រីទទួលបន្ទុកក្រោមការដឹកនាំរបស់លោកមានសមត្ថភាពអាចរំដោះយកចិញ្វើមផ្លូវ គល់ផ្លូវ និងផ្លូវសាធារណៈ រួមរៀបចំឲ្យមានសណ្ដាប់ធ្នាប់ មានអនាម័យ បានដែរឬយ៉ាងណា?
ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋក៏បានសំនូមពរដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាលមេត្តាជួយជម្រុញដល់អាជ្ញាធរក្រុងនិងសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឲ្យមានអនាម័យល្អ និងរំដោះយកចិញ្វើមផ្លូវ គល់ផ្លូវ និងផ្លូវសាធារណៈពីក្រុមអ្នកលក់ដូរអាណាធិបតេយ្យឲ្យមានប្រសិទ្ធភាពផង៕