អាគារកម្ពស់៧ជាន់សង់អត់ច្បាប់នៅក្រុងសំពៅពូនបានកំពុងធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះនៅជាប់ព្រំគ្នាកើតទុក្ខព្រួយយ៉ាងខ្លាំង ខណៈគាត់ប្ដឹងរាប់ខែហើយ រដ្ឋបាលខេត្តកណ្ដាលនៅតែមិនទាន់អាចរកដំណោះស្រាយជូនគាត់បាន!
(កណ្ដាល)៖ សំណង់អត់ច្បាប់កម្ពស់៧ជាន់បានកំពុងតែបន្តការសាងសង់យ៉ាងសកម្មបែបអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បើទោះបីសំណង់នេះបានកំពុងធ្វើឱ្យម្ចាស់ផ្ទះនៅជាប់ព្រុំគ្នាកើតទុក្ខព្រួយជាខ្លាំងដោយសារតែផ្ទះរបស់គាត់ត្រូវបានប្រេះស្រាំតាមជញ្ជាំង ផ្ទុះការ៉ូ និងស្រុតដី ហើយពិសេសខាតបង់លុយកាក់រាប់ពាន់ដុល្លារក្នុងមួយខែៗពីការជួលផ្ទះនោះឱ្យភ្ញៀវស្នាក់នៅជាបណ្ដោះអាសន្ន ខណៈភ្ញៀវគាត់បានរើចេញ ព្រោះតែមានការរំខានពីការដ្ឋានខាងលើនេះ។ នេះបើប្រភពដែលអង្គភាពព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពបន្តថា ដំបូងឡើយម្ចាស់ផ្ទះរងគ្រោះឈ្មោះ សឿង ផល្លា បានប្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន២៥០០០ដុល្លារអាមេរិកដែលម្ចាស់សំណង់ថ្មីឈ្មោះ ស៊ុន ចំប៉ី បានសាងសង់សំណង់ធ្វើឲ្យខូចខាតដល់ សំយ៉ាបផ្ទះ ប្រេះការ៉ូ និងបាត់បង់ភ្ញៀវធ្លាប់ជួលផ្ទះរបស់គាត់ក្នុងខែចំនួន២៣០០ដុល្លារអាមេរិក។ ប៉ុន្តែបែរជាឈ្មោះ ស៊ុន ចំប៉ី មិនបានឯកភាពនោះទេ ដោយបានលើកឡើងថា គាត់ធានាជួសជុលឡើងវិញទាំងស្រុង និងសងថ្លៃសំណងខូចខាតបន្ថែមចំនួន២០០០ដុល្លារ។
ប្រភពបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សឿង ផល្លា ធ្លាប់បានប្ដឹងទៅសាលាសង្កាត់សំពៅពូនផង និងរដ្ឋបាលក្រុងសំពៅពូនផង ក៏ប៉ុន្តែគាត់មិនបានទទួលលទ្ធផលអ្វីក្រៅពីការខកចិត្តនិងអស់ក្ដីសង្ឃឹមនោះទេ ហើយគាត់ក៏បានសម្រេចចិត្តប្ដឹងទៅរដ្ឋបាលខេត្តកណ្ដាលឱ្យជួយរកយុត្តធម៌ជូនគាត់ ប៉ុន្តែមកទល់ពេលនេះ គាត់នៅតែមិនទាន់ទទួលបានសំណងពីភាគីឈ្មោះ ស៊ុន ចំប៉ី ម្ចាស់សំណង់អត់ច្បាប់នោះនៅឡើយទេ។
ប្រភពបានឲ្យដែរថា ទាក់ទិនករណីនេះ លោក ជាង រិទ្ធី នាយកទីចាត់ការអន្តវិស័យសាលាខេត្តកណ្តាលក៏បានចុះទៅត្រួតពិនិត្យសំណង់អគារខាងលើ និងបានប្រជុំសម្របសម្រួលដោះស្រាយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ផងដែរ តែជាលទ្ធផល ភាគីទាំងពីរពិតជាមិនទាន់ស្រុះស្រួលគ្នានៅឡើយ។
ប្រភពបានឲ្យដឹងដែរថា បើតាមលោក សាយ ចាន់តារា ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ខេត្តកណ្ដាលក៏បានបញ្ជាក់ដែរថា ម្ចាស់អាគារ ឈ្មោះ ស៊ុន ចំប៉ី ត្រូវជាកូនរបស់ឈ្មោះ វ៉ា ព្រិល បានសាងសង់សំណង់អគារកម្ពស់៧ជាន់ដោយគ្មានលិខិតអនុញ្ញាត លិខិតបើការដ្ឋាន និងលិខិតបិទការដ្ឋាននោះទេ។ បច្ចុបន្នសម្រេចការសាងសង់ចន្លោះពី៥០ភាគរយ ទៅ៦០ភាគរយទៅហើយ។ លោកបន្តថា ឈ្មោះ ស៊ុន ចំប៉ី ពេលកំពុងសាងសង់បុកគ្រឹះបានធ្វើឲ្យមានស្នាមប្រេះដល់សំយ៉ាបផ្ទះរបស់ឈ្មោះ សឿង ផល្លា ដែលជាដើមបណ្ដឹងពិតប្រាកដមែន។
ជុំវិញការដ្ឋានខាងលើ ម្ចាស់សំណង់អត់ច្បាប់ឈ្មោះ ស៊ុន ចំប៉ី នៅតែបន្តសាងសង់ ទោះបីក្រុមការងារថ្នាក់ខេត្តកណ្ដាលបានណែនាំឱ្យផ្អាកការសាងសង់ និងមិនអនុញ្ញាតឲ្យកម្មករបម្រើការងារនៅក្នុងការដ្ឋានស្នាក់នៅក្នុងអគារអំឡុងពេលកំពុងសាងសង់ជាដាច់ខាត និងតម្រូវឱ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតបើកដ្ឋាន និងលិខិតបិទការដ្ឋាននៅរដ្ឋបាលក្រុងសំពៅពូន និងរដ្ឋបាលខេត្តកណ្តាលក៏ដោយ។
ទាក់ទិនករណីខាងលើនេះ អង្គភាព The Mirror News មិនអាចសុំការបំភ្លឺពីម្ចាស់ការដ្ឋានកម្ពស់៧ជាន់ដែលគេថា បានសាងសង់អត់ច្បាប់នោះនៅឡើយទេ ព្រោះពុំមានលេខទូរស័ព្ទឬបណ្ដាញសង្គមណាដែលអាចទំនាក់ទំនងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាព The Mirror News នៅតែរង់ចាំការបំភ្លឺពីគ្រប់ភាគីនៅរៀងរាល់ម៉ោងធ្វើការ៕