រដ្ឋបាលខេត្តកណ្ដាលបានចេញលិខិតផ្អាកការដ្ឋានរបស់លោកស្រី សុន ចំប៉ី តំណាងឱ្យម្ចាស់សំណង់ឈ្មោះ វ៉ា ព្រិល និងប្រពន្ធឈ្មោះ ងួន លែន នៅភូមិព្រែកស៊ឹង សង្កាត់-ក្រុងសំពៅពូនហើយ
(កណ្ដាល)៖ តាមពិតទៅ រដ្ឋបាលខេត្តកណ្ដាលដែលដឹកនាំដោយលោក គួច ចំរើន បានចេញសេចក្ដីជូនដំណឹងឲ្យផ្អាកការដ្ឋានរបស់លោកស្រី សុន ចំប៉ី តំណាងឱ្យម្ចាស់សំណង់ឈ្មោះ វ៉ា ព្រិល និងប្រពន្ធឈ្មោះ ងួន លែន ដែលមានក្បាលដីលេខ ០៥៤០ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលហើយ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥មកម៉្លេះ តែសាធារណជនលើកជាចម្ងល់ថា ហេតុអ្វីលិខិតផ្អាកការដ្ឋានខាងលើ មិនមានឥទ្ធិពលអ្វីចំពោះម្ចាស់ការដ្ឋានខាងលើនេះ ឬមួយម្ចាស់ការដ្ឋានមិនទាន់ទទួលបានលិខិតខាងលើនេះនៅឡើយនោះទេ ឬមួយក៏រដ្ឋបាលខេត្តមិនទាន់បានផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឬមិនទាន់បានផ្ញើទៅឲ្យរដ្ឋបាលក្រុងសំពៅពូនដើម្បីផ្សព្វផ្សាយឲ្យដល់ម្ចាស់ការដ្ឋាន ព្រោះកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ គេនៅតែឃើញមានក្រុមជាងបានបន្តសកម្មភាពសាងសង់នៅចំណុចការដ្ឋានខាងលើ ដែលលោកអភិបាលខេត្តកណ្ដាលបានចេញលិខិតឲ្យផ្អាកទៅហើយនោះ។
បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ច្បាស់ៗថា ការដ្ឋានសំណង់របស់លោកស្រី សុន ចំប៉ី តំណាងឱ្យម្ចាស់សំណង់ឈ្មោះ វ៉ា ព្រិល និងប្រពន្ធឈ្មោះ ងួន លែន ដែលមានក្បាលដីលេខ០៥៤០ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលបានសាងសង់ឡើងដោយ ពុំមានលិខិតអនុញ្ញាត ដូចនេះការដ្ឋានសំណង់របស់លោក លោកស្រី ត្រូវបានបញ្ឈប់ការសាងសង់ជាបណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិតនេះតទៅ។
នៅក្នុងលិខិតផ្អាកការដ្ឋាន លោក គួច ចំរើន បានណែនាំឲ្យម្ចាស់ការដ្ឋានត្រូវអនុវត្តតាមដូចតទៅ៖ ១. ការដ្ឋានសំណង់របស់លោក លោកស្រី ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និងលិខិតបិទការដ្ឋាន ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ធរមាន។ ២. ត្រូវសំអាតចេញកាកសំណល់សំណង់ និងសំរាមដែលស្ថិតលើដីចំណីផ្លូវ ហើយត្រូវរក្សាឲ្យដូចស្ថានភាពដើមមុនពេលសាងសង់។ ៣. ត្រូវបន្តដោះស្រាយបញ្ចប់វិវាទឱ្យចប់រួចរាល់ មុននឹងចាប់ផ្តើមដំណើរការសាងសង់បន្ត។ ៤. មិនត្រូវអនុញ្ញាតឱ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ជាដាច់ខាត។ ៥. រាល់ការប្រកបអាជីវកម្ម ជួល ឬអាជីវកម្មផ្សេងៗទៀត ត្រូវសុំច្បាប់អនុញ្ញាតតាមគោលការណ៍ ណែនាំឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការដ្ឋានសំណង់របស់ លោក លោកស្រី នឹងត្រូវបានសមត្ថកិច្ចពាក់ព័ន្ធកាត់ផ្តាច់ការផ្គត់ផ្គង់ អគ្គិសនី ទឹកស្អាត ការតលូចូលបណ្តាញសាធារណៈ មិនផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម និងសេវាសាធារណៈ ផ្សេងៗ ដែលពុំទាន់មានលិខិតអនុញ្ញាតសាងសង់ និងការដោះស្រាយបញ្ចប់វិវាទនោះទេ។ ការដ្ឋាននេះអាចបន្តការសាងសង់ និងទទួលបានការផ្គត់ផ្គង់ឡើងវិញបាន លុះត្រាតែបានដោះស្រាយវិវាទចប់សព្វគ្រប់ និងមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ សាមីខ្លួននឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាននិងកលការណ៍ ក្នុងករណី លោក លោកស្រី នៅតែមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ច្បាប់កំណត់។
ពាក់ព័ន្ធករណីនេះ បើតាមអ្វីដែលលោកអភិបាលខេត្តកណ្ដាលបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ត្រង់ចំណុចថា «សាមីខ្លួននឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមគោលការណ៍ច្បាប់កំណត់» តើម្ចាស់ការដ្ឋានខាងលើអាចរត់ផុតពីផ្លូវច្បាប់ដែរឬទេ បើគេមើលឃើញថា ម្ចាស់ការដ្ឋានខាងលើមិនបានគោរពតាមសេចក្ដីជូនដំណឹងរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាលដែលបានចេញលិខិតឲ្យផ្អាកការដ្ឋានសាងសង់ទៅហើយនោះ?៕