ក្រុមអាវុធហត្ថខេត្តកណ្តាលបង្ក្រាបមុខសញ្ញាជនល្មើសគប់ដុំថ្មតាមដងផ្លូវជាតិលេខ១ នៅស្រុកលើកដែក ដោយជនល្មើសបានប្រើកាំភ្លើងខុសច្បាប់ និងគ្រឿងញៀនទៀតផង
(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាលបានបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តដោយដឹកនាំផ្ទាល់ពីលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញជាបន្តបន្ទាប់រហូតបង្ក្រាបមុខសញ្ញាជនល្មើសគប់ដុំថ្មតាមដងផ្លូវជាតិលេខ១ កាលពីវេលាម៉ោង២៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ដោយជនល្មើសបានប្រើកាំភ្លើងខុសច្បាប់ និងគ្រឿងញៀនទៀតផង។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃនេះ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ផ បណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បានបណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំហៀងខាងស្ដាំ គឺផុងលលាក្បាល និងបានកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
ប្រភពបានបន្តឲ្យដឹងថា ក្រុមមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាលបានឃាត់ខ្លួនសង្ស័យ៥នាក់រួមមាន៖ ១-ឈ្មោះ ក វាស្នា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល២លើក។ ២-ឈ្មោះ អ ផាណា ( ហៅ ផរ៉ា ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿងញៀន មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយ:ពេល១ឆ្នាំ ពីបទលួច។ ៣-ឈ្មោះ ផ វិច្ឆ័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលនិងខេត្តព្រៃវែង ពីបទជួញដូរគ្រឿងញៀន។ ៤-ឈ្មោះ អ សិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល១ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ ៥-ឈ្មោះ អ វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ដោយបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥រួច ករណីគ្រឿងញៀន។
ប្រភពបន្ថែមថា វត្ថុតាងចាប់យកបានមាន៖ ១-អាវុធខ្លី ០១ដើម ជឆរបស់កុសល្យ វាសនា។២-ម៉ូតូចំនួន ០៤គ្រឿង ៣-ទូរស័ព្ទដៃចំនួន ០៧គ្រឿង និង៤-និងសម្ភារមួយចំនួនទៀត។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ផ បណ បានជិះម៉ូតូចេញពីផ្ទះទៅជួយផ្ទះបងប្រុសនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ពេលជិះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Beat ពណ៌ស+ខៀវ និងម៉ាក Suzuki next ពណ៌ស+លឿង ជិះមកទន្ទឹមគ្នា រួចបានយកដុំថ្មមកគប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលខាងស្ដាំ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន។
ប្រភពបន្តថា ក្រោយទទួលព័ត៌មានភ្លាម មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនិងកងរាជអាវុធហត្ថស្រុកលើកដែកបានចុះស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ហើយស្វែងរកឃាត់ខ្លួនបានជាបន្តបន្ទាប់។ ដោយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនឈ្មោះ អ វិសាល នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ជនសង្ស័យបានសារភាព។
នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយជំនាញស្នងការ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំង អហ បានធ្វើការស្រាវជ្រាវស្វែងរកឃើញជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់នោះ រួមមានឈ្មោះ ផ វិឆ័យ , ឈ្មោះ អ ផាណា(ហៅ ផរ៉ា) និងឈ្មោះ អ សិដ្ឋ និងចាប់យកវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង និងសម្ភារៈមួយចំនួន។
កម្លាំងជំនាញបាននាំជនសង្ស័យ និងវត្ថុតាងយកមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបំពេញនីតិវិធីរួចប្រគល់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បន្តនីតិវិធី។
យោងតាមការសារភាពរបស់ជនសង្ស័យឈ្មោះ ផ វិច្ឆ័យ អ ផណា( ហៅ ផរ៉ា ) អ សិដ្ឋ នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេតព្រៃវែង ជំនាញខេត្តកណ្តាលបានបន្តសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្តខេត្តព្រៃវែង ចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក វាស្នា និងចាប់យកវត្ថុតាងម៉ូតូចំនួន ០១គ្រឿង ទូរស័ព្ទដៃចំនួន ០២គ្រឿង នៅចំណុចផ្ទះសំណាក់ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងនាំខ្លួនជនសង្ស័យខាងលើពីខេត្តព្រៃវែង ទៅចង្អុរបង្ហាញនៅចំណុចផ្ទះរបស់ខ្លួនធ្វើការចាប់យកវត្ថុតាងរួមមានអាវុធខ្លី ០១ដើមម៉ាកឡុក បង់ ០១ គ្រាប់ ៣០គ្រាប់។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាល ជនសង្ស័យទាំង ០៥នាក់ខាងលើ បានសារភាពថា៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មុនពេលកើតហេតុ ក្រុមរបស់ខ្លួនបានចូលទៅផឹកសុីនៅក្នុងហាងរាជនី KTV រួមមានឈ្មោះ កសល្យ វស្នា, អ ផាណា (ហៅ ផរ៉ា ) ផ វិច្ឆ័យ,អ វិសាល,អ សិដ្ឋ រហូតដល់ម៉ោងប្រហែល ២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៥ ក្រុមរបស់ខ្លួនមាន ០៤នាក់មានឈ្មោះ (កុសល្យ វាស្នា, អ ផាណា (ហៅ ផរ៉ា ) ផល្លី វិច្ឆ័យ,អ វិសាល) បានជិះម៉ូតូ ០២គ្រឿងគឺម៉ាកHonda beat បើកបរដោយឈ្មោះ កុសល្យ វាស្នា និងឈ្មោះ អ ផាណា ជិះខាងក្រោយ មួយគ្រឿងទៀតម៉ាក Suzuki nex បើកបរដោយឈ្មោះ អ វិសាល និងឈ្មោះ ផ វិច្ឆ័យ ជិះខាងក្រោយ ជិះចេញពីហាងរាជនី បានប្រហែល ១០ម៉ែត្រ ពេលនោះឈ្មោះ អ វិសាល បានឃើញឈ្មោះ អ ផាណា ឈប់រើសដុំថ្ម ០១ដុំយកទៅក្ដោបលាក់ក្នុងដៃ រួចក៏ធ្វើដំណើរជិះឆ្លងផ្លូវទៅអែបកៀនកែងនឹងផ្លូវបេតុងចូលភូមិ រួចក៏បើកចេញបន្តទៅមុខទៀត ។ ពេលបើកបានបន្តិច ក្រុមខ្លួនបានឃើញម៉ូតូ ០១គ្រឿងបើកមកពីមុខមកបញ្ច្រាស់ទិសគ្នា ពេលនោះឈ្មោះ អ វិសាល បានឃើញ ឈ្មោះ អ ផាណា យកដុំថ្មគប់ទៅលើអ្នកជិះម៉ូតូម៉ាកស្កុបពី ពណ៌ស រួចក្រុមខ្លួនបាននាំគ្នាគេចខ្លួន។
លុះព្រឹកឡើង ទើបពួកគេដឹងថាអ្នកជិះម៉ូតូ ០១គ្រឿងដែលក្រុមខ្លួនគប់នោះត្រូវរបួសធ្ងន់ បាននាំគ្នាគេចខ្លួនទៅខេត្តសៀមរាប។ រហូតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងកងរាជអាវុធហត្ថ ខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ ៦ ក្រុងសៀមរាប។ ចំណែកឈ្មោះ វាស្នា គេចខ្លួនទៅខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងកងរាជអាវុធហត្ថខេត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនសង្ស័យទាំង៥នាក់ខាងលើនិងវត្ថុតាង ដោយជនសង្ស័យឈ្មោះ វិសាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឃុំខ្លួននៅពន្ធនាគារថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ខណៈកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ៕