តើចៅហ្វាយក្រុងតាខ្មៅពិតជាអសមត្ថភាពក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅថ្មីណាស់មែនទេ ទើបភាពអនាធិបតេយ្យនៅតែបន្តកើតមានឡើងឥតឈប់ឈរបែបនេះ?

(កណ្ដាល)៖ បញ្ហាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុងតាខ្មៅត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅជុំវិញផ្សារតាខ្មៅថ្មី ដែលរដ្ឋបាលក្រុងតាខ្មៅក្រោមការដឹកនាំរបស់លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅហាក់ដូចជាមិនខ្វល់ខ្វាយចំពោះបញ្ហាដែលប្រជាពលរដ្ឋរិះគន់នេះឡើយ។ ចំណុចដែលបាត់បង់សណ្ដាប់ធ្នាប់នេះ ធ្វើឲ្យប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា អាជ្ញាធរពាក់ព័ន្ធនឹងផលប្រយោជន៍ ឬយ៉ាងណា?

បើតាមការលើកឡើងពីក្រុមអាជីវករដែលបានលក់ដូរនៅក្នុងផ្សារតាខ្មៅថ្មីបានប្រាប់ឲ្យដឹងថា ពួកគាត់បានលក់ដូរ,ប្រកបរបររកស៊ីសព្វថ្ងៃពិបាកណាស់ដោយសារតែក្រុមអាជីវករផ្សេងទៀតបានយកទ្រូងផ្លូវនៅជុំវិញផ្សារតាខ្មៅថ្មី ធ្វើជាកន្លែងលក់ដូរ ជាពិសេសនៅវេលាម៉ោង៥-៦ព្រឹក គឺមានការកកស្ទះ ដោយសារតែរ៉ឺម៉កម៉ូតូ ដាក់ចតពេញផ្លូវ ធ្វើឱ្យអតិថិជនមិនអាចចូលទៅក្នុងផ្សារបាន។ ម្យ៉ាងទៀតមានការលក់ដូរពេលព្រឹក ពីក្រុមអាជីវករមួយក្រុមទៀតនៅលើទ្រូងផ្លូវដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។

ប្រភពបន្តថា មានការវាស់ទីសម្រាប់ឲ្យអាជីវករដាក់លក់ដូរនៅពេលព្រឹកនៅឯផ្សារតាខ្មៅថ្មី ហើយសូម្បីតែការធ្វើដំណើរចេញចូលទៅក្នុងផ្សាររបស់ប្រជាពលរដ្ឋក៏ជួបការលំបាកដែរ។ សព្វថ្ងៃនេះអាជីវករលក់ដូរ មិនសូវដាច់ដូចមុនផង។ រីឯចំនួនអ្នកលក់បានកើនឡើង គួរឲ្យកត់សម្គាល់នៅឯផ្សារតាខ្មៅថ្មី តាមរយៈអ្វី ដែលក្រុមអាជីវករសង្ស័យថា អាជ្ញាធរបានពុះអង្កន់បែងចែកដី ទៅឲ្យអ្នកលក់ថ្មីៗទៀតនៅក្នុងផលប្រយោជន៍ណាមួយ។

បញ្ហាសណ្ដាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅថ្មីនេះ ក៏បានកំពុងតែកើតមានយ៉ាងអនាធិបតេយ្យដែរដោយការលក់ដូរបែបអាណាធិបតេយ្យនេះ ត្រូវបានគេមើលឃើញថា ជាផលប្រយោជន៍របស់ប្រធានផ្សារ និងអាជ្ញាធរក្រុង។ នេះបើតាមការខ្សឹបខ្សៀវគ្នាពីក្រុមអាជីវករ។

ប្រភពខ្សឹបខ្សៀវទៀតថា ការលក់ដូរអាណាធិបតេយ្យនៅជុំវិញផ្សារតាខ្មៅថ្មីនេះ ក៏ដូចជាចំណតរថយន្តជាដើមនោះ គឺជាប្រភពចំណូលរបស់លោកប្រធានផ្សារ និងអាជ្ញាធរក្រុង។ ប្រជាពលរដ្ឋនិយាយថា នៅឯផ្សារតាខ្មៅថ្មី បញ្ហាសណ្តាប់ធ្នាប់គឺអាណាធិបតេយ្យបំផុត តាមរយៈការលក់ដូរនៅលើចិញ្ចើមផ្លូវជុំវិញផ្សារ។ រីឯបញ្ហាបរិស្ថាន អនាម័យ និងសំរាមក៏កំពុងញាំញីនៅជុំវិញផ្សារតាខ្មៅថ្មីនោះដែរ។

ប្រជាពលរដ្ឋសំណូមពរឲ្យលោក គួច ចំរើន អភិបាលខេត្តកណ្ដាលជួយចុះពិនិត្យលទ្ធភាពនិងជំរុញធ្វើឲ្យប្រសើរឡើងបញ្ហាសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងអនាម័យនៅជុំវិញផ្សារតាខ្មៅថ្មីផង បើលោកចៅហ្វាយក្រុងតាខ្មៅឈ្មោះ ឃឹម សំភារ ហាក់ដូចជាអសមត្ថភាពក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់និងដោះស្រាយបញ្ហាជូនប្រជាជនក្នុងមូលដ្ឋានណាស់។ព្រោះថា បញ្ហាសណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាសំរាម និងបញ្ហាអនាម័យ ហាក់ដូចជាមានការដោះស្រាយយឺតយ៉ាវខ្លាំងបំផុត នៅគ្រាដែលគេដាក់ការសង្ស័យថា បញ្ហាសណ្តាប់ធ្នាប់មួយចំនួនពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយអាជ្ញាធរក្រុង ឬយ៉ាងណា?៕

អត្ថបទដែលជាប់ទាក់ទង