បញ្ហាការលក់ដូរលើចិញ្ចើមផ្លូវ រំលោភលើចំណីផ្លូវសាធារណៈ និងភាពអាណាធិបតេយ្យនៅមាត់ទន្លេក្រុងតាខ្មៅ តើគេបង់លុយឲ្យលោកចៅហ្វាយក្រុងនិងចៅសង្កាត់តាខ្មៅមួយថ្ងៃប៉ុន្មានរៀល ទើបមិនរៀបចំឲ្យមានសណ្ដាប់?

(កណ្ដាល)៖ មាត់ទន្លេក្រុងតាខ្មៅគួរតែជាតំបន់អភិវឌ្ឍន៍ល្អ ស្អាត អនាម័យ និងមានសណ្តាប់ធ្នាប់ ដើម្បីជាសួនច្បារសាធារណៈ និងកន្លែងទាក់ទាញទេសចរណ៍។ ទោះជាយ៉ាងណា ការចម្អិនចំណីអាហារផ្សេងៗនិងការលក់ដូរដោយមិនមានការរៀបចំល្អនៅលើចិញ្ចើមផ្លូវពិតជាបានបណ្តាលឲ្យមានភាពអាណាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់ទីក្រុង និងបរិស្ថានរស់នៅយ៉ាងពិតប្រាកដ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលស្រឡាញ់សណ្ដាប់ធ្នាប់សាធារណៈប្រាប់ឲ្យអង្គភាព The Mirror News ដឹងកាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ។

ប្រភពបានបន្តថា ការលក់ដូរលើចិញ្ចើមផ្លូវដោយគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ហើយឃើញតែមានបុរសចំណាស់ម្នាក់ជិះម៉ូតូម៉ាក ភីស៊ីអិច ពណ៌ស ដើរតែប្រមូលយកលុយពីក្រុមអ្នកលក់ដូរដែលសង្ស័យអាចជាថ្នូរនឹងការធ្វើមិនដឹងមិនឮឬយ៉ាងណា វាពិតជាបានបណ្តាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ផ្លូវសាធារណៈ និងអាចបណ្ដាលឲ្យមានគ្រោះអាសន្នចំពោះចរាចរណ៍ដោយប្រការណាមួយទៀតផង។ ព្រោះផ្លូវដែលគួរតែអាចប្រើប្រាស់សម្រាប់អ្នកថ្មើរជើងនិងយានយន្ត ត្រូវបានកាន់កាប់ដោយអ្នកលក់ដូរ។ អ្នកថ្មើរជើងត្រូវបង្ខំឲ្យដើរលើទ្រូងផ្លូវឬសាច់ផ្លូវដែលបង្កឲ្យមានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។ ហើយម្យ៉ាងទៀតការដាក់តុ និងរទេះលក់យ៉ាងអាណាធិបតេយ្យបានធ្វើឲ្យមានភាពរញ៉េរញ៉ៃជាខ្លាំង។

ប្រភពពីអ្នកដើរលេងកំសាន្តតាមមាត់ទន្លេតាខ្មៅបានឲ្យដឹងដែរថា មាត់ទន្លេគួរតែជាតំបន់មានអនាម័យ និងទាក់ទាញ ប៉ុន្តែដោយសារការលក់ដូរយ៉ាងធូររលុងបានបណ្តាលឲ្យមានគំនរសំរាម និងប៉ះពាល់ដល់បរិស្ថាន។ ព្រោះធុងសំរាមមិនមានការគ្រប់គ្រងបានល្អ បណ្ដាលឲ្យមានក្លិនស្អុយ មានសំរាម និងទឹកស្អុយលេចធ្លាយចេញពីចំណីអាហារកាកសំណល់បង្កឲ្យបរិស្ថានកាន់តែអាក្រក់។ ម្យ៉ាងទៀតអ្នកលក់មួយចំនួនចម្អិនម្ហូបអាហារមិនមានលិខិតអនុញ្ញាត និងមិនមានការកំណត់ផ្លូវការឲ្យបានត្រឹមនោះទេ។

ប្រភពបានបន្ថែមថា អាជ្ញាធរក្រុងតាខ្មៅមិនមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើបញ្ហាខាងលើនេះ ហើយការអនុញ្ញាតឲ្យមានការលក់ដូរបែបនេះបានប៉ះពាល់ដល់រដ្ឋបាលទីក្រុងតាខ្មៅ ឬមួយអាជ្ញាធរមិនមានផែនការច្បាស់លាស់សម្រាប់ការបែងចែកតំបន់លក់ដូរទេ?។

ប្រភពបន្តថា ការអនុញ្ញាតឲ្យមានភាពធូររលុងបែបនេះ បានបង្ហាញពីការមិនមានការគ្រប់គ្រងល្អ និងអាចបណ្តាលឲ្យមានភាពអយុត្តិធម៌ក្នុងការចែកសិទ្ធិអាជីវកម្ម។ ហើយក៏មិនមានការពិន័យ ឬផែនការដកហូតអ្នកលក់ដែលស្ថិតនៅតំបន់មិនអនុញ្ញាតទៀតផង។

ប្រភពផ្សេងទៀតបានឲ្យដឹងថា ដើម្បីស្ដារសណ្តាប់ធ្នាប់នៅមាត់ទន្លេ អាជ្ញាធរគួរតែមានវិធានការត្រឹមត្រូវ ដោយគួរកំណត់តំបន់អាជីវកម្ម បែងចែកលំនៅដ្ឋាន អាជីវកម្ម និងផ្លូវសាធារណៈឲ្យបានច្បាស់លាស់។ បង្កើនការគ្រប់គ្រងសណ្តាប់ធ្នាប់ ដាក់អនុលោមន័យលើការលក់ដូរដោយបែងចែកតំបន់ពិសេសសម្រាប់អាជីវកម្ម។ អនុវត្តបទបញ្ជាថ្មី ការប្រកាសបទបញ្ជាជាផ្លូវការដើម្បីដាក់ពិន័យលើអ្នកលក់ដែលមិនអនុវត្តស្តង់ដារ។ ឬបង្កើតកន្លែងលក់ដូរត្រឹមត្រូវ បើសិនជាអាជ្ញាធរចង់ផ្តល់ឱកាសដល់អ្នកលក់ គួរតែមានទីតាំងពិសេសសម្រាប់ពួកគេដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង។

ប្រភពពីអ្នកដើរហាត់ប្រាណបានឲ្យដឹងដែរថា ការលក់ដូរលើចិញ្ចើមផ្លូវនៅមាត់ទន្លេក្រុងតាខ្មៅបានប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ទីក្រុង បរិស្ថាន និងសុវត្ថិភាពសាធារណៈ។ អាជ្ញាធរគួរមានវិធានការច្បាស់លាស់ ដើម្បីស្ដារសណ្តាប់ធ្នាប់ និងធ្វើឲ្យទីក្រុងអភិវឌ្ឍតាមផ្លូវត្រឹមត្រូវ។ ប្រសិនបើមិនមានការរៀបចំល្អ ទីតាំងមាត់ទន្លេនឹងបន្តមានភាពអាណាធិបតេយ្យ និងបាត់បង់ឱកាសអភិវឌ្ឍន៍អនាគត។

ជុំវិញភាពគ្មានសណ្ដាប់ធ្នាប់ខាងលើនេះ សាធារណជនបានសំនូមពរយ៉ាងទទូចស្នើសុំឲ្យចៅហ្វាយខេត្តកណ្ដាល លោក គួច ចំរើន មេត្តាជួយដាក់បទបញ្ជាឲ្យតឹងរ៉ឹង និងជួយអន្តរាគមន៍រំដោះយកចិញ្ចើមផ្លូវសាធារណៈមកវិញឲ្យខាងតែបានផង និងជួយជំរុញឲ្យចៅហ្វាយក្រុងតាខ្មៅ លោក ឃឹម សំភារ និងលោកចៅសង្កាត់តាខ្មៅដែលកំពុងមានរឿងមិនល្អជាប់ខ្លួនឲ្យចុះរៀបចំសណ្ដាប់ អនាម័យ បរិស្ថានតាមមាត់ទន្លេតាខ្មៅឲ្យបានប្រសើរឡើងវិញផង និងស្នើសុំជួយដាក់ពិន័យដល់បុរសម្នាក់ដែលជិះម៉ូតូ ភី ស៊ី អិច ដើរយកលុយគេតាមកន្លែងលក់ដូររៀងរាល់ថ្ងៃ រាប់ខែ រាប់ឆ្នាំមកហើយ និងប្រមូលបានលុយរាប់សិបលានរៀលមកហើយ ដែលប្រភពខ្សឹបឲ្យដឹងថា ជាកូនចៅ ជាដៃជើងរបស់ចៅសង្កាត់តាខ្មៅតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង