ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីវៀតណាម ថៃ ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និងCadmium
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបឲ្យលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីវៀតណាម ថៃ របស់អាជ្ញាធរគយចិន ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និងCadmium។ នេះបើតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលអង្គភាព The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
នៅក្នុង ស.ជ.ណ ដោយយោងលិខិតលេខ០៣២៩ ព.ណ.អ.កបប ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្មនិងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា «រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៖