ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្ស៥នាក់ទៀតដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣បានសម្រេចឃុំខ្លួនឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្សចំនួន៥នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ខណៈអង្គរក្សចំនួន៨នាក់ទៀតត្រូវបានដោះលែងវិញ។
ជនត្រូវចោទទាំង៦នាក់៖ ទី១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ (គោរមងារឧកញ៉ា) មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ត្រូវចោទប្រកាន់ពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។ ២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាស។៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាស។និងទី៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ។ដោយជនទាំង៥នាក់នេះ ជាប់ចោទពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
គួរជម្រាបថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចស្នាក់ការក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីនាំខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស។ ប៉ុន្តែត្រូវបានក្រុមអង្គរក្សរបស់លោកឧកញ៉ារារាំង ឈានដល់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច។ ខណៈនោះសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្សចំនួន១៣ទៀតដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋជាង២០០គ្រួសារ បានប្ដឹងក្រុមហ៊ុនពិភពដីមាស ទៅស្នងការរាជធានីភ្នំពេញ រហូតឈានដល់ឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសរួមនិងអង្គរក្ស។
បើគិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ មានពលរដ្ឋចំនួន១១០៥គ្រួសារ បានប្ដឹងក្រុមហ៊ុនពិភពដីមាស ចូលស្នងការខេត្តកំពត ដោយសរុបជាទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ដុល្លារ។ ខណៈតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗទៀត ក៏មានពលរដ្ឋដាក់ពាក្យប្ដឹងក្រុមហ៊ុនពិភពដីមាសជាច្រើនផងដែរ៕