រថយន្តបុកគ្នានៅព្រៃវែងបណ្ដាលឱ្យមនុស្ស១១នាក់រងរបួសធ្ងន់ស្រាល

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ និងរថយន្តហាយលែនឌ័រ បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សប្រុសស្រី ១១នាក់រងរបួសធ្ងន់ស្រាល ខណៈកម្លាំងនគរបាលស្រុកកំពង់ត្របែកចុះអន្តរាគមន៍ធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦:៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩-៩០ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពពីប៉ូលិសខេត្តព្រៃវែងថានៅមុនពេលកើតហេតុ រថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AK-8914 អ្នកបើកបរ ឈ្មោះ ប៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើដោយសារស្ថានភាពងងុយដេក បានងោកមួយភាំង បណ្ដាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5630 បើកបរដោយឈ្មោះ ចឹក សាមន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល១១នាក់។

បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែករថយន្តទាំងសងខាង ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក រង់ចាំការដោះស្រាយបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង