ជនដៃដល់២នាក់ត្រូវបានកម្លាំងនគរបាលខេត្ដព្រះសីហនុបើកប្រតិបត្ដិការបង្ក្រាបបានបាន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់១លានដុល្លារ (មានVideo)

ជនដៃដល់២នាក់ត្រូវបានកម្លាំងនគរបាលខេត្ដព្រះសីហនុបើកប្រតិបត្ដិការបង្ក្រាបបានបាន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់១លានដុល្លារ ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦និង០០នាទីព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ភ្លាមនោះកម្លាំងជំនាញ បានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឲ្យរងរបួសបុរសម្នាក់។ក្រោយមករថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។

ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ច បានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។

ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ច បាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងរបួស ក ធ្ងន់ធ្ងរ។ ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន មាន១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

សម្ភារវត្ថុតាងចាប់យកបាន៖ -រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព), -អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់), (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ), -កូនកាំបិតចុងស្រួច ០១ដើម (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ), -ទូរស័ព្ទដៃ ២គ្រឿង, -លិខិតឆ្លងដែន ២ក្បាល, -កាតរឹង ២សន្លឹក, -កាបូបក្រវាត់ចង្កេះ ១, -នាឡិកាដៃ ២គ្រឿង, -ខ្សែ ១ខ្សែ។

បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ៕

 

អត្ថបទដែលជាប់ទាក់ទង