មុខសញ្ញាយ៉ាងសកម្ម ជំនាញឃាត់យកម៉ូតូ និងគំរាមសម្លាប់អ្នកគ្រូម្នាក់នៅស្រុកបន្ទាយអំពិល កាលពីខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចចាបឃាត់ខ្លួនបានហើយ
ដោយមានការចង្អុលបង្ហាញ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការ ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ជាពិសេសក្នុងកិច្ចប្រតិបត្តិការប្រើប្រាស់នូវវិធានការជំនាញនានា និងការស្រាវជ្រាវស៊ើបអង្កេតជាប់ជាប្រចាំ បានកំណត់ពីសាវតាជាតិមុខសញ្ញាពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ឃាត់យកម៉ូតូ និងគំរាមសម្លាប់ជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ ផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសំណើគោរពស្នើសុំទៅ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីសុំដីកាបញ្ជាឲ្យចូលខ្លួន។
បន្ទាប់ពីបានដីកាបញ្ជាឲ្យចូលខ្លួនលេខ ០១៧ ដប.ចខ/២៣ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងអនុវត្តដីកាខាងលើ ឈានទៅដល់ការឃាត់ខ្លួនជនជាប់សង្ស័យបានចំនួន ១នាក់៖
ឈ្មោះ ម៉ុក វេក (វេក) ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោងប្រហែល ០៧៖១០នាទី មានករណី ឃាត់យកម៉ូតូ និងគំរាមនឹងសម្លាប់ជនរងគ្រោះ តង់ សាឡាត់ ភេទស្រី មុខរបរគ្រូបង្រៀន ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕