ជាប់គុក២ឆ្នាំមិនរាងចាល ចេញបាន២៧ថ្ងៃ ដេញកាប់គេ ប៉ូលិសមូលដ្ឋានចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានស្រុកស្អាងដើម្បីបន្តនីតិវិធី

ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយះពេល២ឆ្នាំ ដោយទើបតែចេញបាន២៧ថ្ងៃ ហ៊ានបង្កជារឿងហេតុដោយសារគំនុំគុំគួនជាមួយជនរងគ្រោះដែលធ្លាប់ប្តឹងខ្លួន ក៏ទាញកាំបិតផ្គាក់ប៉ងធ្វើឃាតលើជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសារជាថ្មី កាលពីវេលាម៉ោង ១៧៖៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា.ជនរងគ្រោះ
ឈ្មោះ អុឹម ចំរេីន ភេទ ប្រុស អាយុ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំ នៅភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ សុីថា សុខហៀង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំជាមួយគ្នា រួមជាមួយកាំបិតផ្គាក់១ដេីមផ្លែដែកដងធ្វើអំពីឬស្សី។

លោកអធិការបានបន្តថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២៖០០នាទី ជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះជាមួយប្រពន្ធកូន ខណៈពេលនោះជនសង្ស័យបានចុចភ្លើងហ្វាបញ្ចាំងមកផ្ទះរបស់ជនរងគ្រោះហើយបានជេរប្រមាថនិងស្រែកគំរាមកាប់សម្លាប់ទៅលើគ្រួសារជនរងគ្រោះដោយមូលហេតុជនសង្ស័យមានគុំនុំគុំគួនជាមួយនិងឈ្មោះ អឹម ចំរើន  ជាជនរងគ្រោះដែលធ្លាប់ប្ដឹងជនសង្ស័យឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា ហើយទើបតែចេញពីពន្ធនាគារបានរយៈពេល២៧ថ្ងៃគិតត្រឹមថ្ងៃកើតហេតុ។ លុះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៣០នាទី ជនរងគ្រោះបានជិះម៉ូតូមកពីបេះស្លឹកកន្ធំធេតត្រឡប់មកផ្ទះវិញជនសង្ស័យបានទាញយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ  ភ្លាមនោះឪពុករបស់ជនសង្ស័យបានឃើញក៏ចាប់ឃាត់និងដកកាំបិតចេញ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែលចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការនគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង